បែកគ្នាយូរហើយ Ploy និង អតីតសង្សារ Dome Pakorn នៅតែធ្វើរឿងបែបនេះដាក់គ្នា
កន្លងមកមហាជនជាច្រើនតែងតែកោតសរសើរចំពោះទំនាក់ទំនងដ៏ល្អរវាងតារាប្រុសស្រីថៃជួរមុខ Ploy Chermarn និង លោក Dome Pakorn ព្រោះបើទោះបីជាពួកគេទាំងពីរ បានបែកគ្នាយូរឆ្នាំហើយក្ដី ប៉ុន្ដែការរាប់អានរវាងគ្នានឹងគ្នា នៅតែល្អដូចកាលពីពួកគេនៅជាសង្សារ ។
មកដល់ពេលនេះ Dome Pakorn ក៏បានរៀបការសាងសុភមង្គលជាមួយអ្នកនាង Metal ហើយរឿងដែលធ្វើឱ្យទស្សនិកជនកាន់តែកោតសរសើរនោះគឺ តារាស្រី Ploy និង Metal មើលទៅពួកគេទាំងពីរត្រូវរូវគ្នាល្អណាស់ ប្រៀបដូចជាមិត្តភក្ដិនឹងគ្នារាប់ឆ្នាំមកអ៊ីចឹង ។
តួយ៉ាងថ្មីៗនេះ តារាស្រី Ploy Chermarn ទើបតែបង្ហោះរូបថតថ្មីមួយសន្លឹកនៅលើគណនីអ៊ីនស្ត្រាក្រាមផ្លូវការរបស់ខ្លួន ដែលក្នុងនោះនាងបានជួបជុំជាមួយ Dome និង ភរិយា Metal ព្រមទាំងតារាចម្រៀង Lydia ជាមួយទឹកមុខសើចក្អាកក្អាយមានសេចក្ដីសុខណាស់ ។
មិនមែនទើបតែលើកនេះទេដែលតារាប្រុសស្រីខាងលើបង្ហាញពីទំនាក់ទំនងល្អូកល្អិនជាមួយគ្នាសឹងតែបេះមិនចេញនោះ តែជារឿយៗពួកគេតែងឆ្លៀតពេលជួបគ្នាបង្កើនទំនាក់ទំនងកាន់តែស្និទ្ធស្នាល ហើយរឿងដែលគេចាំមិនភ្លេចនោះគឺ ក្នុងថ្ងៃមង្គលការរបស់ Dome និង ភរិយា តារាស្រី Ploy ក៏បានទៅចូលរួមជូនពរសង្សារចាស់ដោយក្ដីពេញចិត្តបំផុត ៕