ប្រពៃណាស់! អ្នកផាត់កូនខ្មែរដំបូង បង្កើតត្រចៀកមនុស្សសម័យបុរាណពីស៊ីលីកូន (វីដេអូ)
បើនិយាយពីឈ្មោះអ្នកនាង ឌូ ពុធម៉ូលីតា ហៅ Apple មហាជនអ្នកលេងបណ្តាញសង្គមហ្វេសប៊ុកចូលចិត្តនូវការច្នៃប្រឌិត នៃការផាត់មុខនៅលើមុខ និង ផ្ទៃខ្លួននោះប្រាកដជាធ្លាប់បានស្គាល់នាងជាក់ជាមិនខាន ។ ក្នុងនោះ ទោះជាអ្នកផាត់មុខជំនាញជនជាតិខ្មែរូបនេះ បានបន្តការសិក្សា និង រស់នៅឯសហរដ្ឋអាមេរិចក្តី តែ Apple នៅតែទទួលបានការគាំទ្រ និង តាមដានពីសកម្មភាពការងាររបស់នាងជាច្រើន តាមគណនី Instagram «@applelovemakeup» និង fb «Apple love Makeup Gallery» ផងដែរ ។
ជាក់ស្តែងថ្មីៗនេះ អ្នកផាត់មុខល្បីឈ្មោះរូបនេះ បានបង្ហាញស្នាដៃជាទីចាប់អារម្មណ៍ជាថ្មីទៀតហើយ ដល់អ្នកគាំទ្ររបស់នាង នូវការធ្វើស្លឹកត្រចៀកស៊ីលីកូន របស់មនុស្សសម័យបុរាណ ដើម្បីយកមកតុបតែងលើត្រចៀករបស់មនុស្សក្នុងការតុបតែងខ្លួនបែបបុរាណផងដែរ ។
តាមការឲ្យដឹងពីអ្នកផាត់មុខល្បី Apple ប្រាប់មកកាន់ «ប្រជាប្រិយ» ថា «តាមពិតទៅ ត្រចៀកដែលអ្នកនាងបានធ្វើឡើងមកនេះ គឺជាការកុម្មង់ឡើងពីលោក Botramohar Art ដើម្បីយកទៅតុបតែងបន្ថែមលើការច្នៃម៉ូដសម្លៀកបំពាក់បុរាណរបស់លោក ប៉ុន្តែដោយក្តីស្រឡាញ់ទៅលើការថែរក្សាវប្បធម៌បុរាណនោះ អ្នកនាងក៏បានសម្រេចធ្វើវាឡើងក្នុងការយកថ្លៃឈ្នួលត្រឹម ៣០ % នៃសំភារៈប៉ុណ្ណោះ ដើម្បីចូលរួមលើកស្ទួយ និង រក្សារូបភាពដើមជាមួយនឹងលោក Botramohar Art » ។
Apple បានបន្ថែមទៀតថា « ត្រចៀកវែងមនុស្សសម័យបុរាណនេះដែរ អ្នកនាងបានធ្វើឡើងពីស៊ីលីកូន ដោយមានការសាកល្បងធ្វើតាំងពីកំឡុងខែ កក្កដា ឆ្នាំ ២០២០ មកម្ល៉េះ ប៉ុន្តែទើបតែបានជោគជ័យជំហានដំបូង និង ផ្ញើរមកកាន់ប្រទេសកម្ពុជានៅចុងខែវិច្ឆិកា នេះ ។ ត្រចៀកស៊ីលីកូនមនុស្សបុរាណនេះដែរ ពេលធ្វើអ្នកនាងមានផលវិបាកមួយចំនួនដូចជាទំហំ ទំងន់ របស់ត្រចៀកក៏ព្រោះតែអ្នកនាងធ្វើយ៉ាងណាដើម្បីឲ្យស័ក្តសម និង ងាយស្រួលនៅពេលពាក់ទៅលើត្រចៀកមនុស្សពិត » ។
ទន្ទឹមនឹងការរៀបរាប់ពីការផលវិបាកទៀតនោះ អ្នកនាង ឌូ ពុធម៉ូលីតា ហៅ Apple ក៏បានប្រាប់ដែរថា ការច្នៃត្រចៀកនេះឡើង គឺមិនមែនតាមការនឹកឃើញតែម្យ៉ាងនោះទេ គឺអ្នកនាងបានស្រាវជ្រាវយកទម្រង់ពីរូបព្រះបាទជ័យវរ្ម័នទី ៧ អប្សរា រូបចម្លាក់ និង ជាពិសេសនោះគឺទម្រង់តចៀកពិតរបស់មនុស្សចាស់ដែលមានត្រចៀកវែងយារជាដើម ។
គួរឲ្យដឹងថា បច្ចុប្បន្នទម្រង់ត្រចៀកមនុស្សបុរាណធ្វើស៊ីលីកូននេះ Apple បានធ្វើរួចរាល់ត្រឹមតែ ៤ គូ តែប៉ុណ្ណោះ តែពេលខាងមុខអ្នកនាងក៏ត្រៀមធ្វើបន្ថែមទៀត ឲ្យគ្រប់ទម្រង់ ដើម្បីឲ្យភាពងាយស្រួល និង ទូលំទូលាយក្នុងការតុបតែងឈុតបែបបុរាណ ឲ្យស័ក្តសមជាមនុស្សសម័យបុរាណមែន ៕