អីយ៉ាស់! ការប្រគុំតន្ត្រីសម្ពោធ Album ថ្មីរបស់ កញ្ចនា នឹងមានតារាកិត្តិយសចូលរួមយ៉ាងពិសេស
កាលពីដើមខែមិថុនា ឆ្នាំ២០២០ កន្លងមកតារាចម្រៀង Original Song ចិត្ត កញ្ចនា បានធ្លាប់ប្រាប់មកហើយថា នាងនឹងត្រៀមចេញនូវ Album ថ្មីរបស់ខ្លួន ដែលមានចំណងជើងថា «អារម្មណ៍» ដោយលើកយករឿងរ៉ាវពិតរបស់អ្នកគាំទ្រ មិត្តភក្តិ និង មនុស្សជុំវិញខ្លួនរបស់នាងមកសរសេរនៅក្នុងបទចម្រៀងផងដែរ ។
យ៉ាងណាមិញ បទចម្រៀងទាំង ៨ បទ នៅក្នុង Album «អារម្មណ៍» បានផលិតរួចរាល់ហើយ ហើយនឹងត្រៀមសម្ពោធជាផ្លូវការនៅថ្ងៃទី ២២ ខែវិច្ឆិកា ឆ្នាំ ២០២០ ខាងមុខនេះ ។
តាមរយៈ ចិត្ត កញ្ចនា បានប្រាប់មកកាន់ «ប្រជាប្រិយ» ថា «តាមពិតទៅ Album ថ្មីនេះដែរ នាងបានត្រៀមនឹងរៀបចំការសម្ពោធតាមរយៈការប្រគុំតន្ត្រី និង មានចូលរួមមហាជនអ្នកគាំទ្រដោយផ្ទាល់ ប៉ុន្តែដោយបច្ចុប្បន្ន កូវីដ ១៩ នៅតែជាបញ្ហាប្រឈម និង មិនអាចមានការជួបជុំបាននោះ នាងបានផ្លាស់ប្តូរការសម្ពោធ Album នេះ ទៅជាការផ្សាយបន្តផ្ទាល់តាមរយៈបណ្តាញសង្គម ឬ ហៅថា បែប ឌីជីថល ( Livestream Concert) វិញ» ។
អ្វីដែលកាន់តែគួរឲ្យចាប់អារម្មណ៍ទៀតនោះ កញ្ចនា បានបន្ថែមទៀតថា «ការប្រគុំតន្ត្រីបែប ឌីជីថល នេះដែរ នឹងមានការចូលរួមពីតារាកិត្តិយស ដូចជាសិល្បការិនីពហុជំនាញ ចំរើន សុភា និង Rizer Band ផងដែរ» ។
គួរឲ្យដឹងថា ការសម្ពោធ Album «អារម្មណ៍» របស់តារាចម្រៀង Original Song ចិត្ត កញ្ចនា នឹងធ្វើឡើងនៅថ្ងៃអាទិត្យ ទី ២២ ខែវិច្ឆិកា ឆ្នាំ ២០២០ វេលាម៉ោង ៧ យប់ នៅលើផេកហ្វេសប៊ុកផ្លូវការរបស់នាង « Kanhchna Chet-ចិត្ត កញ្ចនា » ៕