អ្នកស្រី សុង សេងហ៊ន កំពូលតារាចម្រៀងទ.វ ៩០ ឥលូវកំពុងប្រើជីវិតយ៉ាងសាមញ្ញ
អ្នកស្រី សុង សេងហ៊ន គឺជាតារាចម្រៀងដ៏មានឈ្មោះល្បីម្នាក់កាលពីទសវត្សរ៍ឆ្នាំ ៩០ ដែលក្មេងសម័យឥលូវទំនងជាមិនស្គាល់អ្នកស្រីទេ ប៉ុន្តែអ្នកស្រីត្រូវបានអ្នកមហាជនខ្មែរជំនាន់ចាស់ៗបានកត់ចំណាំទុកក្នុងចិត្តរួចហើយតាមរយៈមន្តស្នេហ៍នៃទឹកដមសំឡេងដ៏ពីរោះក្រអួនក្រអៅ ស្រួយស្រែស ដូចសារិការបស់អ្នកស្រី ។
បាត់មុខយូរ តើបច្ចុប្បន្ននេះ អ្នកស្រី សុង សេងហ៊ន ដែលជាម្ចាស់បទចម្រៀងដ៏ពីរោះប្រមាណជាង ១០០០ បទនោះ កំពុងរស់នៅឯណា? ពិតណាស់អ្នកស្រី សុង សេងហ៊ន គឺជាតារាចម្រៀងមួយរូបដែលនិយមលាក់មុខមាត់ បើទោះបីមានទឹកដមសំឡេង ប៉ុន្តែអ្នកស្រីមិនដែលលេចមុខច្រៀងតាមឆាកប្រគំតន្រ្តី ឬ ច្រៀងជាកិត្តិយសណាមួយឡើយ និង សូម្បីតែជីវិតឯកជនកន្លងទៅនោះក៏អ្នកស្រីកម្រនឹងបង្ហាញជាសាធារណៈដែរ ។
បច្ចុប្បន្ននេះ អ្នកស្រី សុង សេងហ៊ន កំពុងផ្ញើព្រេងវាសនារស់នៅរដ្ឋ New Jersey ក្នុងប្រទេសសហរដ្ឋអាមេរិក ហើយអ្នកស្រីក៏មានការងារជា Marketing Manager ក្នុងក្រុមហ៊ុនមួយរូបផងដែរនៅទីនោះ ។ មកដល់ពេលនេះ ទោះបីអ្នកស្រីក៏បានដកខ្លួនចេញពីសិល្បៈអស់រយៈពេលជាច្រើនឆ្នាំក្តី ប៉ុន្តែកេរ្តិ៍ឈ្មោះរបស់អ្នកស្រីនៅតែដកជាប់ក្នុងចិត្តរបស់មហាជនខ្មែរជានិច្ច ។
យ៉ាងណាមិញ សម្រាប់ប្រិយមិត្តអ្នកគាំទ្រមួយចំនួនធំប្រហែលជាធ្លាប់តែបានឮសូរសៀងរបស់អ្នកស្រី សុង សេងហ៊ន តាមបទចម្រៀងជាច្រើននោះ ប៉ុន្តែប្រហែលមិនសូវស្គាល់មុខរបស់អ្នកស្រីឡើយ ដូច្នេះថ្ងៃនេះ «ប្រជាប្រិយ» សូមលើកបង្ហាញពីរូបភាពខ្លះៗរបស់អ្នកស្រី ខណៈកំពុងរស់នៅលើទឹកដីសហរដ្ឋអាមេរិក បានស្គាល់ទាំងអស់គ្នា ។
អតីតកាលរបស់អ្នកស្រី សុង សេងហ៊ន ដែលដកស្រង់ពីទំព័រវេបសាយ វីគីភីឌា ៖
ក្រោយសម័យ ៣ ឆ្នាំ ៨ ខែ ២០ ថ្ងៃ អ្នកស្រី សុង សេងហ៊ន បានរត់ភៀសខ្លួនទៅផ្ញើព្រេងវាសនារស់នៅឯទឹកដីសហរដ្ឋអាមេរិក ដោយអ្នកស្រីបានទៅរស់នៅរដ្ឋផេនស៊ីលវ៉ានីនៀ ភាគឦសានសហរដ្ឋអាមេរិក ជាមួយក្រុមគ្រួសារ ។ ខណៈពេលភៀសខ្លួនទៅទីនោះ អ្នកស្រី សុង សេងហ៊ន បានបង្កើតបណ្ណាល័យមួយឈ្មោះថាសាយណ្ហណារ៉ា ដើម្បីប្រកបអាជីវកម្មថតកាសែត និង ថាសចម្រៀង ។
អ្នកស្រី សុង សេងហ៊ន ដែលធ្លាប់ជាសិស្សសាលាបឋមសិក្សា ពៅ អ៊ុំ (បច្ចុប្បន្នក្លាយជាសាលាបឋមសិក្សាទួលគោក) ហើយក្រោយមក បានបន្តការសិក្សានៅវិទ្យាល័យព្រះស៊ីសុវត្ថិនោះ បានចាប់អាជីពជាតារាចម្រៀងឱ្យបណ្ណាល័យសាយណ្ហណារ៉ា នៅឆ្នាំ ១៩៨៥ ហើយបទចម្រៀងរបស់អ្នកស្រីទាំងអស់ សុទ្ធតែថតឱ្យបណ្ណាល័យសាយណ្ហណារ៉ា ដោយពុំដែលធ្លាប់បានថតឱ្យផលិតកម្មណាផ្សេងឡើយ ហើយសូម្បីតែច្រៀងតាមវេទិកាប្រគំតន្រ្តីនានា ឬ ចូលរួមច្រៀងជាកិត្តិយសក្នុងកម្មវិធីណាមួយនោះ ក៏អ្នកស្រីមិនដែលច្រៀងដែរ ។
ភាគច្រើននៃបទចម្រៀងរបស់តារាចម្រៀងល្បីនាទសវត្សរ៍ ៩០ រូបនេះ គឺអ្នកស្រីជាអ្នកនិពន្ធដោយខ្លួនឯងផ្ទាល់ ដែលនេះជាលក្ខណៈពិសេសដោយឡែកមួយ ។ ប្រឡូកក្នុងការច្រៀងយូរឆ្នាំ មកដល់អំឡុងទសវត្សរ៍ឆ្នាំ ៩០ ទើបបទចម្រៀងរបស់អ្នកស្រីចាប់ផ្តើមបានទទួលការពេញនិយមគាំទ្រយ៉ាងខ្លាំងពីសំណាក់ប្រិយមិត្តទាំងនៅកម្ពុជា និង នៅសហរដ្ឋអាមេរិក ព្រោះតែទឹកដមសំឡេងដ៏ពីរោះរបស់អ្នកស្រី ។
គួរឱ្យដឹងថា អ្នកស្រី សុង សេងហ៊ន ដែលមានស្រុកកំណើតនៅក្រុងភ្នំពេញ និង ជាកូនស្រីទី ២ ក្នុងចំណោមបងប្អូនបង្កើតទាំងអស់ ៤ នាក់ (ស្រី ២ នាក់ ប្រុស ២ នាក់) នោះ គឺជាតារាចម្រៀងដ៏ពេញនិយម និង ល្បីជំនាន់ស្របាល លោក កែវ សារ៉ាត់ លោក ឈួយ សុភាព លោក ទឹង ភិរម្យ អ្នកស្រី ឡុង ស៊ីដា អ្នកស្រី ដួង ម៉ាឡៃ ជាដើម ។
អ្នកស្រី សុង សេងហ៊ន ធ្លាប់បានល្បីក្នុងបទចម្រៀងជាច្រើន ប្រមាណជាង ១០០០ បទ ក្នុងនោះបទល្បីៗដែលមហាជនខ្មែរហាក់ដិតជាប់អារម្មណ៍ និង តែងតែស្តាប់កម្សាន្តមកទល់បច្ចុប្បន្ននេះ មានដូចជា «ក្រមុំខ្ញុំអ្នកណាសង» «ឆ្នាំមុន» «ទឹកភ្នែកសម្ងាត់ (ខ្នើយប៉ាក់)» «វីយូឡុងស្នេហា» «យកចិញ្ចៀនពេជ្រទៅវិញចុះ» «ស្នេហ៍យាយតា» «វ៉ែនតាខ្មៅអាវស្បែក» «បោកកូនជ្រូកទៅលេងស្រុក» «ចាប់ក្ដាម» «ចេះតែស្រៈអួយ» «ដល់វេលាត្រូវសារភាព» «សុំបេះដូងមួយចំណែក» «វិលវិញហើយស្នេហ៍ស្នង» និង នៅមានបទចម្រៀងល្បីៗជាច្រើនទៀត ៕