សង្ស័យមូលហេតុនេះហើយ ទើបម្ចាស់បទ «ជិះក្របី» លោក ប៊ុន សក្តិ ស្ងាត់បាត់ឈឹងពីពិភពសិល្បៈ
តារាចម្រៀង ប៊ុន សក្ដិ ហាក់កាន់តែរសាត់ឃ្លាតឆ្ងាយពីមហាជនអ្នកគាំទ្រទៅហើយ ដោយប៉ុន្មានឆ្នាំចុងក្រោយនេះ ពោលគឺចាប់តាំងពិឆ្នាំ ២០១៦ មក គេកម្របានឃើញវត្តមានតារាចម្រៀងរូបនេះលេចមុខក្នុងពិភពសិល្បៈណាស់ រហូតធ្វើឱ្យមហាជនមួយចំនួនលើកឡើងថា ម្ចាស់បទ «ជិះក្របី» រូបនេះអាចឈប់ពីសិល្បៈហើយ ព្រោះមិនសូវឃើញមុខតាមកម្មវិធីនានា និង គ្មានបទចម្រៀងថ្មីចេញលើទីផ្សារ ។
ទន្ទឹមនឹងការបាត់ខ្លួនតារាចម្រៀងសំនៀងក្រអួនធ្ងន់រូបនេះ មហាជនមួយចំនួនធំក៏បានដាក់ជាសំណួរថា តើតារាចម្រៀង ប៊ុន សក្តិ ពេលនេះកំពុងធ្វើអ្វី? និង នៅឯណាដែរ? ជាការពិតណាស់បន្ទាប់ពីរៀបការនឹងភរិយាកាលដើមខែមេសា ឆ្នាំ ២០១៦ កន្លងទៅនោះ តារាច្រៀង ប៊ុន សក្តិ បានរសាតបាត់ឆ្ងាយបន្តិចម្តងៗពីឆាកសិល្បៈ ដែលសូម្បីតែកម្មវិធីអ្នកសិល្បៈមិត្តរួមអាជីព ក៏គេកម្រនឹងបានឃើញវត្តមានរបស់លោកចូលរួមដែរ ។
បច្ចុប្បន្ននេះ តារាចម្រៀង ប៊ុន សក្តិ ម្ចាស់បទ «ជិះក្របី» ដ៏ល្បីល្បាញនោះ កំពុងរស់នៅយ៉ាងមានសុភមង្គលជាមួយភរិយា និង ក្រុមគ្រួសារ ដែលយើងអាចឃើញតាមរយៈទំព័រហ្វេសប៊ុក ដែលតារាចម្រៀងរូបនេះបានបង្ហោះជារឿយៗនាពេលកន្លងទៅនេះ ។ ទន្ទឹមនឹងនេះដែរ គេថែមទាំងបានដឹងថា ក្រោយរសាត់ឆ្ងាយពីសិល្បៈតារាចម្រៀង ប៊ុន សក្តិ ក៏មានការងារក្នុងជួរមន្រ្តីរាជការផងដែរ ដោយរូបគេ គឺជា អង្គរក្ស នៅបញ្ជាការដ្ឋានកងអង្គរក្សសម្ដេចអគ្គមហាសេនាបតី ហ៊ុន សែន និង លោកជំទាវកតិព្រឹត្តបណ្ឌិតប៊ុន រ៉ានី ហ៊ុនសែន មានឋានន្តរស័ក្ដិថ្នាក់អនុសេនីយ៍ឯក (សក្ដិ ៣) ។
គេនៅចាំបានថា កាលពី ៣ ទៅ ៤ ឆ្នាំមុន តារាចម្រៀង ប៊ុន សក្ដិ ធ្លាប់បានឱ្យដឹងដែរថា បើទោះជាខ្លួនមានការងារជាមន្រ្តីរាជការធ្វើក៏ដោយ ប៉ុន្តែខ្លួនមិនគិតថានឹងបោះបង់អាជីពជាតារាចម្រៀងដែរ ។ យ៉ាងណាមិញ ចាប់តាំងពីការអះអាងនោះរហូតមកទល់បច្ចុប្បន្ននេះ គេមិនដែលបានឃើញតារាចម្រៀងរូបនេះ លេចមុខលើឆាកតន្រ្តី ឬ ចេញបទចម្រៀងថ្មីអ្វីទៀតឡើយ ពោលគឺស្ងាត់ឈឹង ។
គួរបញ្ជាក់ដែរថា តារាចម្រៀង ប៊ុន សក្តិ ធ្លាប់ជាតារាចម្រៀងប្រុសម្នាក់ប្រចាំផលិតកម្មសាន់ដេ ដែលមានឈ្មោះបោះសំឡេងល្បីល្បាញខ្លាំងកាលពីអំឡុងឆ្នាំ ២០០០ ជាង ដោយក្នុងនោះបទចម្រៀងរបស់លោកជាច្រើនតែងបានទទួលការគាំទ្រពីមហាជន ជាពិសេសនោះគឺបទ «ជិះក្របី» ដែលបទនេះមានភាពល្បីល្បាញខ្លាំងណាស់ រហូតធ្វើឱ្យលោកក្តោបបានប្រជាប្រិយភាពកាន់តែខ្លាំងឡើងក្នុងពិភពសិល្បៈផ្នែកចម្រៀងសម័យ ៕