ក្រោយរៀបការ អាន គុណកូឡា សម្រេចចិត្តឈប់សម្តែង MV ប្រភេទនេះ!
បើតាមគម្រោងតារាចម្រៀងមាឌតូចល្អិត អាន គុណកូឡា នឹងចូលរោងការទៅតាមប្រពៃណីខ្មែរនៅ ក្នុងថ្ងៃទី ១២ ខែ ១២ ខាងមុខនេះ ហើយអ្វីដែលចាប់អារម្មណ៍ក្រោយរៀបការលោកនៅតែបន្តអាជីពចម្រៀងដដែលគ្រាន់តែឈប់ទទួលសម្តែង MV ដែលមានឈុតស្នេហាបែបព្រឺព្រួច ។
បើតាមការសម្ភាសនៅក្នុងបណ្តាញសារព័ត៌មានមួយ តារាចម្រៀង អាន គុណកូឡា បានឱ្យដឹងថា មុននឹងសម្រេចចិត្តរៀបការ លោក និង អនាគតភរិយាបានស្វែងយល់ចិត្តថ្លើមគ្នាប្រមាណជាបីឆ្នាំហើយ ដែលអនាគតភរិយារបស់លោកជាអ្នកជំនួញផ្នែកត្បូង ព្រោះនាងមានស្រុកកំណើតនៅខេត្តប៉ៃលិន ។ ពិធីមង្គលរបស់លោកគ្រោងនឹងរៀបចំប្រមាណជា ៧០ តុ ដោយមានការអញ្ជើញមិត្តភក្តិក្នុងសិល្បៈចូលរួម ហើយពិធីរបស់លោកនឹងរៀបចំនៅគេហដ្ឋានតែម្តង ។
សព្វថ្ងៃលោក អាន គុណកូឡា ជាតារាចម្រៀងនៅក្នុងផលិតកម្ម M ហើយក្រោយរៀបការលោកនៅតែបន្តអាជីពនេះដដែល ព្រោះជាការងារដែលលោកស្រឡាញ់មួយវិញទៀតអនាគតភរិយារបស់លោកក៏មិនហាមឃាត់អ្វីដែរ គ្រាន់តែនាងជាមនុស្សប្រចណ្ឌ ដូចនេះពេលរៀបការរួចលោកសម្រេចចិត្តនឹងឈប់ទទួលសម្តែងចម្រៀងដែលមានឈុតឆាកស្នេហា ព្រោះមិនចង់ឱ្យមានបញ្ហាក្នុងជីវិតប្តីប្រពន្ធ ៕
រូបថត ៖ ហ្វេសប៊ុក