ទើបដឹង យក់ ថិតរដ្ឋា មានទំនាក់ទំនងពិសេសមួយ ជាមួយ ពេជ្រ សោភា
ប្រិយមិត្តភាគច្រើនបានជ្រាបហើយថា ពេជ្រ សោភា ត្រូវបានគេចាត់ទុកជាកំពូលតារាចម្រៀងស្រីដ៏មានប្រជាប្រិយភាពមួយរូបប្រចាំប្រទេសកម្ពុជា និង មានទស្សនិកជនជាច្រើនគាំទ្រ ចាត់ទុកនាងជា idol ក្នុងដួងចិត្តរបស់ពួកគេ ប៉ុន្ដែប្រិយមិត្តភាគច្រើន នៅមិនទាន់ជ្រាបទេថា តារាចម្រៀងរូបណាជា idol របស់នាងនោះ ។
កន្លងមក ម្ចាស់បទ «អូនទៅហើយ» រូបនេះ ធ្លាប់ទម្លាយពីទំនាក់ទំនងដ៏គួរឱ្យភ្ញាក់ផ្អើលមួយរវាងកំពូលតារាចម្រៀងស្រីដូចគ្នា គឺអ្នកនាង យក់ ថិតរដ្ឋា តាមរយៈបណ្ដាញសង្គមហ្វេសប៊ុក ធ្វើឱ្យមហាជនជាច្រើនសឹងតែនឹកស្មានមិនដល់ ដោយកំពូលតារាចម្រៀងស្រីខាងលើ បានទម្លាយច្បាស់ៗថា យក់ ថិតរដ្ឋា គឺជា idol របស់ខ្លួន ។ ក្នុងនោះដែរ ពេជ្រ សោភា ថែមទាំងបានលើកសរសើរពីទឹកដមសំឡេងរបស់ យក់ ថិតរដ្ឋា ទោះកន្លងទៅច្រើនឆ្នាំ ក៏សំឡេងនៅតែពីរោះមិនប្រែដដែល ។
ជាមួយរូបថតសើចក្អាកក្អាយមួយសន្លឹក ពេជ្រ សោភា ថតជាមួយនឹង យក់ ថិតរដ្ឋា ធ្លាប់បានរៀបរាប់ថា «ម្នាក់ហ្នឹងហើយជា idol ខ្ញុំ សំឡេងពីរោះមិនប្រែ នៅតែពីរោះ» ។
ចំណែក យក់ ថិតរដ្ឋា ក៏បានឆ្លើយតបទៅវិញថា «មិត្តភាពយូរអង្វែង មិនប្រួលប្រែ គឺកើតចេញពីបេះដូងពិតនោះអីចា៎» ។
ពេជ្រ សោភា និង យក់ ថិតរដ្ឋា ធ្លាប់ជាមិត្តរួមផលិតកម្មនឹងគ្នាជាច្រើនឆ្នាំ មុនពេលអ្នកម៉ាក់កូនបី យក់ ថិត រដ្ឋា ផ្លាស់ប្ដូរទៅច្រៀងនៅផលិតថោន ហើយបើទោះបីជាពេលនេះ តារាចម្រៀងស្រីទាំងពីរដួងនេះ ច្រៀងនៅផលិតកម្មផ្សេងគ្នាក៏ដោយ តែមើលទៅទំនាក់ទំនងពួកគេ នៅតែល្អូកល្អិន ស្និទ្ធស្នាលដូចដើម ៕