សាយ ហ៊ានលះបង់សម្រស់ មិនខ្លាចនឿយហត់ រត់កាត់ ២១ ខេត្ត ដើម្បីការងារសប្បុរសធម៌
មកដល់ថ្ងៃទី ២១ ខែតុលា ឆ្នាំ ២០២០ នេះ កម្មវិធីរត់ដើម្បីសប្បុរសធម៌ជាមួយ សាយ ដើម្បីរៃអង្គាសថវិកាជួយដល់មន្ទីរពេទ្យកុមារអង្គរ នៅខេត្តសៀមរាប មានរយៈពេលប្រមាណជា ១៦ ថ្ងៃហើយ បើគិតពីថ្ងៃចាប់ផ្តើមទី ៦ ខែតុលា ឆ្នាំ ២០២០ កន្លងទៅនោះ ។
ក្នុងដំណើររត់រយៈពេល ១៦ ថ្ងៃ របស់តារាចម្រៀង សាយ នេះដែរ គឺរូបគេបានរត់ឆ្លងកាត់រាជធានីភ្នំពេញ និង ខេត្តបានចំនួន ៥ មកហើយ ក្នុងនោះមានដូចជា ខេត្តកំពង់ស្ពឺ តាកែវ កែប កំពត និង ព្រះសីហនុ ហើយជាមួយនឹងដំណើររត់ឆ្លងកាត់នេះ តារាចម្រៀង Original Song សាយ ទទួលបានថវិកាពីសប្បុរសជនសរុបមានចំនួន ៣៦ ៨១៥ ៩៥០ រៀលហើយ (គិតត្រឹមថ្ងៃទី ១៦ ខែតុលា ឆ្នាំ ២០២០ នេះ) និង ពេលនេះរូបគេក៏កំពុងធ្វើដំណើរទៅខេត្តកោះកុងបន្តទៀត ដែលតាមគម្រោងនោះ គឺរូបគេនឹងឆ្លងកាត់ឱ្យគ្រប់ ២១ ខេត្ត-ក្រុងក្នុងប្រទេសកម្ពុជា លើកលែងតែខេត្តស្វាយរៀង កំពង់ឆ្នាំង កំពង់ធំ និង ខេត្តឧត្តរមានជ័យប៉ុណ្ណោះ ដោយប្រើរយៈពេល ៩៩ ថ្ងៃ ។
សកម្មភាពរត់ដើម្បីសប្បុរសធម៌របស់តារាចម្រៀង សាយ ក៏បានទទួលការស្វាគមន៍ គាំទ្រ និង លើកសរសើរពីការតាំងចិត្តយ៉ាងមុតមាំរបស់គេផងដែរ ប៉ុន្តែអ្វីដែលគួរឱ្យចាប់អារម្មណ៍ក្នុងកំលុងពេលធ្វើសកម្មភាពរត់ដើម្បីសប្បុរសធម៌នេះ គេកត់សម្គាល់ឃើញតារាចម្រៀង សាយ បានបាក់សម្រស់យ៉ាងខ្លាំង ដោយតាមការឱ្យដឹងនោះ សាយ ពេលនេះបានចាប់ផ្ដើមប្រែមុខមាត់ខ្មៅស្រអាប់ ស្រក់សាច់ និង ក្បាល់ជង្គង់ហាក់មានបញ្ហាបន្តិចបន្តួច ដែលធ្វើឱ្យអ្នកគាំទ្របារម្ភយ៉ាងខ្លាំងពីសុវត្ថិភាពតារាចម្រៀងរូបនេះ ។
ទន្ទឹមនឹងការមើលឃើញបែបនេះ ក៏មានការលើកទឹកចិត្តពីសំណាក់អ្នកគាំទ្រដល់តារាចម្រៀង សាយ ជាច្រើន ដើម្បីឱ្យរូបគេមានកម្លាំងចិត្តនឹងបន្តដំណើរតាមក្តីស្រមៃទៅមុខទៀត និង ក្នុងនោះតារាចម្រៀង សាយ ក៏ត្រូវបានអ្នកគាំទ្រលើកឡើងចំៗថាជាតារាចម្រៀងខ្មែរដំបូងម្នាក់ ដែលបានលះបង់សម្រស់ និង ពេលវេលាខ្លួន ដើម្បីការងារសប្បុរសធម៌ រៃអង្គាសថវិកាជួយដល់មន្ទីរពេទ្យកុមារអង្គរ នៅខេត្តសៀមរាបនោះ ៕