ល្បីថាប្តូរឈុតតំណាងជាតិខ្មែរ-បារាំង ពេលនេះស្ថាប័ន Miss Grand កម្ពុជា ចេញមុខឆ្លើយផាំងៗ ច្បាស់ដូចថ្ងៃ!
ថ្មីៗនេះមានលេចឮពាក្យចចាមអារ៉ាមមួយក្នុងពិភពបវរកញ្ញានៅកម្ពុជា ដោយគេល្បីថាឈុតតំណាងជាតិឈ្មោះ ស្ត្រីន្ទ្រវីរៈទេវីនាគីមហានាថ ដែលនឹងបំពាក់លើបវរកញ្ញាម្ចាស់ជ័យលាភី សេង រដ្ឋា ដើម្បីចូលរួមក្នុងកម្មវិធីប្រកួត Miss Grand International 2020 ខាងមុន មានការផ្លាស់ប្តូរ ជំនួសដោយឈុតថ្មីមួយទៀត ។
ព័ត៌មានលេចឮនេះបានធ្វើឱ្យមហាជន និង អ្នកនិយមតាមដានវិស័យបវរកញ្ញាកម្ពុជាទាំងអស់មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយគេបានគិតថាឈុត ស្ត្រីន្ទ្រវីរៈទេវីនាគីមហានាថ គឺមានភាពប្រណីត និង ស្អាតគ្រប់គ្រាន់ដែលអាចឱ្យកម្ពុជាយកធ្វើជាឈុតតំណាងជាតិ បន្ទាប់ពីគេបានឃើញការបង្ហាញកន្លងមកតាមរយៈការបំពាក់លើបវរកញ្ញាខ្មែរ-បារាំងក្នុងកម្មវិធីប្រកួត Miss Grand Cambodia កានពីកន្លងមកនោះ ។
សម្រាប់ឈុតដែលគេល្បីថានឹងចូលខ្លួនមកជំនួសឈុត ស្ត្រីន្ទ្រវីរៈទេវីនាគីមហានាថ នោះ គឺជាឈុតរាជិនីនំបញ្ចុក តំណាងខេត្តត្បូងឃ្មុំ ។ យ៉ាងណាមិញ ចៀសវាងការយល់ច្រឡំដែលឮតាមពាក្យចចាមអារ៉ាមនោះ ស្ថាប័ន Miss Grand Cambodia ក៏បានចេញមុខបកស្រាយ និង ច្រានចោលទាំងស្រុងចំពោះពាក្យចចាមអារ៉ាមខាងលើ ស្ថាប័ននេះបានសរសេរបង្ហោះលើហ្វេសប៊ុកដូច្នេះថា «ដោយសារមានការផ្សព្វផ្សាយនូវព័ត៌មានមិនពិតដែលថាឈុតតំណាងជាតិរបស់ឈុតខ្មែរ-បារាំង ត្រូវបានផ្លាស់ប្ដូរជំនួសដោយឈុតតំណាងខេត្តត្បូងឃ្មុំនោះ គឺជាព័ត៌មានមិនពិតទេ» ។
ជាមួយការច្រានចោនោះទៀត ស្ថាប័ន Miss Grand Cambodia ក៏បានសរសេរបញ្ជាក់ទៀតថា «សម្រាប់ឈុតតំណាងជាតិខ្មែរ-បារាំង ឈ្មោះ ស្ត្រីន្ទ្រវីរៈទេវីនាគីមហានាថ គឺនៅតែរក្សាយកទៅចូលរួមក្នុងកម្មវិធីប្រកួត Miss Grand International 2020 ដូចមុនដដែល មិនមានការផ្លាស់ប្ដូរឡើយ» ៕