ក្នុងខែតុលា តារាស្រីទាំងនេះរំភើបចិត្តខ្លាំង ពេលក្លាយជាម្តាយកូនដំបូងយ៉ាងមានក្តីសុខ
នៅក្នុងឆ្នាំ ២០២០ នេះមានតារាស្រីប្រុសជាច្រើនបានចែករំលែកក្តីរំភើបរីករាយដែលទទួលសមាជិកថ្មីជាកូនប្រុសស្រីរបស់ពួកគេ ។ ក្នុងនោះដែរ ទោះជាមានការស្វាគមន៍សមាជិកថ្មីពីសិល្បករមួយចំនួនក៏ពិតមែន ប៉ុន្តែមហាជនអ្នកគាំទ្របានចាប់អារម្មណ៍ខ្លាំងនៅក្នុងខែតុលា ឆ្នាំ ២០២០ ទៅលើតារាស្រី ៤ រូប ដែលបានក្លាយទៅជាអ្នកម្តាយថ្មីថ្មោងរបស់កូនដំបូងរបស់ពួកគេ ។ ក្នុងនោះរួមមាន៖
១) តារាចម្រៀង អេនជី
ក្រោយពីរង់ចាំទទួលសមាជិកថ្មី អស់រយៈពេលជាច្រើនខែ កាលពីថ្ងៃទី ៣ ខែតុលា ឆ្នាំ ២០២០ តារាស្រីរូបនេះបានសម្រាលកូនប្រុសជាទីស្រឡាញ់ម្នាក់ ដែលមានឈ្មោះថា Eden និង មានមុខមាត់គួរឱ្យស្រឡាញ់ណាស់ មានទម្ងន់ដល់ទៅ ៣,៥២ គីឡូក្រាម ។
២) តារាចម្រៀង សួស វីហ្សា
តារាចម្រៀង សួស វីហ្សា និង តារាប្រុស Tommy ក៏មានក្តីរំភើបផងដែរ ក្រោយទទួលបានសមាជិកថ្មី ដែលជាកូនស្រីជាទីស្រឡាញ់ នៅថ្ងៃទី ០៩ ខែតុលា ឆ្នាំ ២០២០ ។ កូនស្រីដំបូងរបស់តារាទាំងពីររូបនេះមានឈ្មោះហៅ ថង សាម៉ូលីណា ហៅ Jenny ។
៣) តារាសម្តែង តូតា
តារាសម្តែង តូតា បានរង់ចាំឃើញសមាជិកថ្មីយ៉ាងអន្ទះសាជាយូរមកហើយ បើតាមការបង្ហាញអារម្មណ៍របស់អ្នកម្តាយថ្មីថ្មោងរូបនេះស្ទើររៀងរាល់ថ្ងៃលើគណនីហ្វេសប៊ុក ។ ពេលនេះតារារូបនេះ និង ស្វាមី បានឃើញមុខកូនប្រុសដំបូងដ៏គួរឲ្យស្រឡាញ់យ៉ាងរំភើបចិត្តណាស់ ដែលកូនរបស់នាងបានកើតនៅថ្ងៃទី ១៥ ខែតុលា ឆ្នាំ ២០២០ ដោយបានដាក់ឈ្មោះយ៉ាងពីរោះថា ប៉ុល ប៉ូនីតតូ ។
៤) តារាសម្តែង ឌី សុនីតា
ក្រោយពីបានធ្វើឱ្យមហាជន ក៏ដូចជាអ្នកគាំទ្រនាងភ្ញាក់ផ្អើលយ៉ាងខ្លាំង ព្រោះស្ងាត់ៗនាងស្រាប់តែ ឌី សូនីតា បង្ហាញថាខ្លួនកំពុងមានផ្ទៃពោះធំគ្រប់ខែជាមួយនឹងតារាសម្តែង អេឡិច ហ្សូរ៉ា នោះ ហើយនៅថ្ងៃទី ២២ ខែតុលា តារាស្រីរូបនោះក៏បានទទួលស្វាគមន៍សមាជិកថ្មី ដែលជាកូនស្រីដ៏ស្រស់ស្អាតហើយ ។ កូនស្រីមានមុខមាត់ស្អាតបាតសថ្លោសទ្រលុកទ្រលន់ ច្រមុះស្រួច គួរឱ្យស្រឡាញ់បំផុតរបស់តារាសម្ដែង ឌី សូនីតា និង លោក អេឡិចហ្សូរ៉ា គឺមានឈ្មោះថា Xota Meyhana ហៅ Smile ៕