ឧកញ៉ា ប៊ុន រតនា និង ភរិយា ផ្ដល់ជូនអង្ករ ១០ តោនជួយពលរដ្ឋរងគ្រោះដោយជំនន់នៅខេត្តពោធិ៍សាត់
មកដល់ពេលនេះការចូលរួមជាចំណែក នៃការជួយសង្គ្រោះប្រជាពលរដ្ឋដែលរងគ្រោះដោយសារជំនន់ទឹកភ្លៀងតាមបណ្តាខេត្តក្រុង ក្នុងប្រទេសកម្ពុជា កាន់តែបន្តមានឡើង។
ក្នុងនោះ ខេត្តពោធិ៍សាត់ ក៏មានការចូលរួមយ៉ាងសស្រាក់សស្រាំពីអាជ្ញាធរ និង បងប្អូនប្រជាពលរដ្ឋ ក្នុងការបិរច្ចាគថវិកា និង ស្បៀងអារហារដល់អ្នករងគ្រោះ ដោយសារទឹកជំនន់ផងដែរ។
ជាក់ស្តែង គេបានឃើញឧកញ៉ា ប៊ុនរតនា និង ភរិយាជាអតីតតារាសម្តែង និង ពិធីករ លី ឈី ក៏បានចូលរួមបរិច្ចាគជាអង្ករចំនួន ១០ តោន ជួយដល់ប្រជាពលរដ្ឋរងគ្រោះដោយជំនន់នៅខេត្តពោធិ៍សាត់ ភ្លាមៗបន្ទាប់ពីឃើញពីតម្រូវការដ៏ចាំបាច់ របស់រដ្ឋបាលសាលាខេត្ត ក្នុងការបម្រើសេវាមនុស្សធម៌។ នេះបើតាមការបង្ហោះ នៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់ រដ្ឋបាលខេត្តពោធិ៍សាត់។
លើសពីនេះ រដ្ឋបាលខេត្តពោធិ៍សាត់ ក៏បានបញ្ជាក់ឲ្យដឹងថា លោកឧកញ៉ា ប៊ុន រតនា និង អតីតតារាសម្តែង លី ឈី បានទិញអង្ករទាំង ១០ តោន ពីរោងម៉ាស៊ីនផ្ទាល់ និង ច្រកជាការ៉ុងតូចៗទម្ងន់ ២៥គីឡូក្រាម ដើម្បីងាយស្រួលចែកជូនដល់ជនងាយរងគ្រោះ និងជនរងគ្រោះដោយប្រការផ្សេងៗ៕
ប្រភពព និង រូបភាព៖ រដ្ឋបាលខេត្តពោធិ៍សាត់