អីយ៉ាស់! សំណាង អេលីណា ហក់ចូលការសម្តែងហើយ អ្នកណាខ្លះចង់ឃើញការសម្តែងនាង?
អ្នកគាំទ្រវិស័យបវរកញ្ញាកម្ពុជាប្រាកដជាបានស្គាល់កញ្ញា សំណាង អេលីណា មិនខាន ដោយនាងគឺជាបវរកញ្ញាចក្រវាលកម្ពុជាប្រចាំឆ្នាំ ២០១៩ ដែលកន្លងមកនាងបានតំណាងនារីកម្ពុជាទៅចូលរួមការប្រកួតកម្មវិធី Miss Universe 2019 នៅឯទឹកដីសហរដ្ឋអាមេរិក ។
បន្ទាប់ពីមានឈ្មោះបោះសំឡេងខ្លាំងក្នុងវិស័យបវរកញ្ញានោះ ថ្មីៗនេះគេបានដឹងថា បវរកញ្ញាកម្ពុជាប្រចាំឆ្នាំ ២០១៩ សំណាង អេលីណា បានបន្សាត់ខ្លួនចូលប្រឡូកក្នុងការសម្តែងរឿងផងដែរ ដែលរឿងដំបូងរបស់នាងចូលរួមសម្តែងនោះគឺជារឿងបែបបុរាណផលិតឡើងដោយស្ថានីយទូរទស្សន៍ PNN ។
រឿងដំបូងដែលកញ្ញា សំណាង អេលីណា នឹងសម្តែងនោះមានចំណងជើង «មរណមាតា» សម្តែងជាមួយតួប្រុសរូបសង្ហា ខាត់ វៃហាំង ក្រោមការដឹកនាំសម្តែងពីអ្នកស្រី ពាន់ ភួងបុប្ផា ដែលអ្នកដឹកនាំរឿងដ៏មានឈ្មោះល្បីល្បាញម្នាក់ ។
សម្រាប់រឿងភាគបុរាណ «មរណមាតា» ដែលបង្កប់ដោយភាពកម្សត់ សោកសង្រេង រៀបរាប់ពីខ្សែជីវិតព្រាត់ប្រាស់អ្នកមានគុណ ប៉ុន្តែដោយសារតែភាពកត្តញ្ញូរបស់កូនស្រីម្នាក់ ក៏នឹងរួចផុតពីកម្មពៀរនេះដែរ អ្នកគាំទ្រក៏បានដាក់ក្តីសង្ឃឹមខ្ពស់ផងដែរថា កញ្ញា សំណាង អេលីណា នឹងអាចសម្តែងបានល្អ ហើយប្រមូលបានការគាំទ្របានមួយកម្រិតទៀតពីសំណាក់មហាជន ។
ខ្សែរឿងភាគខ្មែរ «មរណមាតា» នេះ បើតាមស្ថានីយទូរទស្សន៍ PNN បានឱ្យដឹងថា គ្រោងនឹងផលិតឡើងនៅក្នុងឆ្នាំ ២០២១ ខាងមុខ ដែលការផលិតនឹងធ្វើឡើងលក្ខណៈស្តង់ដារប្រកបដោយគុណភាពខ្ពស់ ដើម្បីជាចំណងដៃថ្មីសម្រាប់ទស្សនិកជនបានទស្សនា ៕