ជាតារាល្បីក្នុងសិល្បៈ តែតារាប្រុស ២ រូបនេះ បែរទៅលង់ស្នេហ៍នារីក្រៅសិល្បៈវិញ
គេសង្កេតឃើញនៅក្នុងវិស័យសិល្បៈបច្ចុប្បន្ន មានតារាប្រុស-ស្រីល្បីៗជាច្រើនគូមកហើយដែលបានលង់ស្រឡាញ់គ្នា ហើយសារភាពសុំគ្នាធ្វើជាសង្សារនៅពេលដែលពួកគេសម្ដែងរឿងជាមួយគ្នា រហូតមកដល់ពេលនេះ ក៏មានអ្នកសិល្បៈមិនតិចគូទេ ដែលបានចាប់ដៃគ្នាចូលរោងការ បង្កើតកូនប្រុស-ស្រីរស់នៅលក្ខណៈគ្រួសារយ៉ាងមានក្ដីសុខបំផុត ។
ដ្បិតថាអ្នកសិល្បៈមួយចំនួន ភាគច្រើនស្រឡាញ់អ្នកសិល្បៈដូចគ្នាព្រោះមានឱកាសបានស្និទ្ធស្នាល និង ធ្វើការជាមួយគ្នាបានច្រើន ប៉ុន្ដែងាកទៅមើលតារាប្រុសរូបសង្ហា ២ រូបនេះវិញ បែរជាទៅចាប់អារម្មណ៍នារីក្រៅរង្វង់សិល្បៈវិញ ។ តួយ៉ាងតារាសម្ដែងរូបសង្ហា Toey Pongsakorn បានសារភាពថា លោកបានលួចសម្លឹងនារីសាមញ្ញម្នាក់មួយរយៈហើយ ដោយពួកគេបានណាត់គ្នាញ៉ាំអាហារ និង ទៅកន្លែងផ្សេងៗជាមួយគ្នាញឹកញាប់ ។ Toey អះអាងទៀតថា ខ្លួនមិនបានលាក់បាំង ហើយក៏បើកចំហទំនាក់ទំនងមួយនេះជាសាធារណៈដែរ ។
ចំណែកឯកំលោះសម្បូរមន្តស្នេហ៍ Son Yuke វិញក៏បានសារភាពនៅក្នុងកម្មវិធីជជែកកម្សាន្តមួយថា លោកកំពុងទាក់ទងនឹងនារីក្រៅសិល្បៈម្នាក់ ហើយដល់ពេលសមរម្យណាមួយ លោកនឹងបង្ហាញឱ្យអ្នកគាំទ្របានដឹង ព្រោះថាពេលនេះ អ្នកទាំងពីរនៅសិក្សាមើលចិត្តថ្លើមគ្នាឱ្យបានល្អជាមុនសិន ៕