មានរឿងអី? សុខៗ នារីប្លែកមុខម្នាក់អះអាងថា នាងជាសង្សារ របស់សង្សារថ្មី Taew
នៅក្នុងសង្គមសិល្បៈថៃបច្ចុប្បន្ន មានមនុស្សភាគតិចណាស់ដែលមិនដឹងពីទំនាក់ទងស្នេហាដ៏ស្អិតល្មួតរវាងតារាសម្ដែងស្រីរាងតូចច្រឡឹង Taew Natapohn និង បុរសហាយសូរ Pranai ព្រោះថាពេលនេះ ពួកគេបានបើកចំហពីចំណងស្នេហ៍ជាផ្លូវការហើយ ដោយមួយរយៈមកនេះ ពួកគេទាំងពីរបានណាត់ជួបគ្នាញ៉ាំអាហារពេលល្ងាចយ៉ាងរ៉ូមែនទិកញឹកញាប់បំផុត ថែមទាំងទៅដើរលេងនៅតាមខេត្តជាមួយគ្នាយ៉ាងផ្អែមល្ហែមទៀតផង ។
ដោយឡែកថ្មីៗនេះ កំលោះអភិជន Pranai បានបង្ហោះរូបថតជាមួយ Taew មួយសន្លឹកលើគណនី IG របស់ខ្លួន ក្នុងនោះស្រាប់តែមាននារីប្លែកមុខម្នាក់បានចូលទៅខំមិនក្នុងន័យអះអាងថា នាងគឺជាគូស្នេហ៍របស់លោក Pranai ទៅវិញ ហើយអ្នកទាំងពីរថែមទាំងស្រឡាញ់គ្នាខ្លាំងទៀតផង ។ ពាក្យសម្ដីខំមិនទាំងនោះ បង្កឱ្យមានការភ្ញាក់ផ្អើលដល់មហាជនយ៉ាងខ្លាំង ព្រោះអ្នកណាមិនដឹងថា ពេលនេះនាង Taew គឺជាសង្សាររបស់កូនសេដ្ឋីខាងលើនោះ ។
តែទោះបីជាបែបនេះ នារីប្លែកមុខរូបនោះមិនបានបង្ហាញភ័ស្តុតាងអ្វីផ្សេងក្រៅពីពាក្យសម្ដីអះអាងទាំងនោះដែរ ចំណែកឯសាមីខ្លួន ក៏មិនបានចេញមុខឆ្លើយយល់ស្រប ឬបដិសេធអ្វីឡើយ មានតែអ្នកគាំទ្ររបស់ពួកគេប៉ុណ្ណោះដែលបានឆ្លើយតបក្នុងន័យបដិសេធថារឿងនោះមិនមែនជាការពិត៕