ភ្លេចត្រចៀក ពិធីការិនីល្បី គង់ សុជាតិ ជិតក្លាយជាអនាគតម្តាយក្មេកគេហើយ!
អ្នកនាង គង់ សុជាតិ ត្រូវបានមហាជនចាត់ទុកជាពិធីការិនីដ៏មានឈ្មោះល្បី និង ឆ្នើមដែលមានឥទ្ធិពលម្នាក់ក្នុងឧស្សាហកម្មកម្សាន្តខ្មែរ ហើយមិនត្រឹមតែប៉ុណ្ណោះ អ្នកនាងក៏ត្រូវបានគេដាក់ងារជាពិធីការិនីសាច់ចាំមានរូបសម្រស់ស្រស់ស្អាត និង មានជីវិតរស់នៅហាយសូរគួរឱ្យកត់សម្គាល់ដែរ ។
ប្រិយមិត្តប្រហែលជាបានជ្រាបរួចមកហើយថា មុនពេលភ្ជាប់ចំណងអាពាហ៍ពិពាហ៍ជាមួយពិធីករ ជា វិបុល រហូតទទួលបានចំណងដៃកូនស្រីម្នាក់នោះ អ្នកនាង គង់ សុជាតិ ធ្លាប់បានរៀបអាពាហ៍ពិពាហ៍ម្តងរួចមកហើយ ដោយចំណងអាពាហ៍ពិពាហ៍លើកទីមួយនោះ អ្នកនាងក៏ទទួលបានចំណងដៃកូនប្រុសម្នាក់ និង កូនស្រីម្នាក់ ដែលរហូតមកដល់ពេលនេះពួកគេមានវ័យធំៗអស់ហើយ ។
ស្របពេលនឹងវ័យកាន់តែធំៗរបស់កូនៗអ្នកនាង គង់ សុជាតិ នោះ ពេលថ្មីៗនេះមានការចាប់អារម្មណ៍ខ្លាំង ដោយមានលេចឮដំណឹងល្អថាអ្នកនាង គង់ សុជាតិ ជិតបានក្លាយជាម្ដាយក្មេករបស់គេហើយ ដោយកូនប្រុសច្បងជាទីស្រឡាញ់របស់អ្នកនាង គង់ សុជាតិ ត្រូវបានគេដឹងថាកំណត់ថ្ងៃភ្ជាប់ពាក្យហើយ ខណៈអនាគតកូនប្រសាស្រីរបស់ពិធីការិនីឆ្នើមរូបនេះ មានទាំងរូបសម្រស់ ចំណេះដឹង និង ថែមទាំងជាអ្នករកស៊ីដ៏ពូកែម្នាក់ទៀត ។
តាមការឱ្យដឹងនោះ កូនប្រុសច្បងរបស់អ្នកនាង គង់ សុជាតិ មានឈ្មោះថា ម៉ៅ សាល់ភាពបុត្រ គ្រោងភ្ជាប់ពាក្យជាមួយអនាគតភរិយាឈ្មោះ ឆន ពុទ្ធាវីន នៅថ្ងៃទី ២១ ខែតុលា ឆ្នាំ ២០២០ ខាងមុខនេះ ដោយចាស់ទុំទាំងសងខាង ក៏បានជួបស្និទ្ធស្នាលពិភាក្សាគ្នាយ៉ាងរីករាយខណៈជិតក្លាយជាគ្រួសារតែមួយ ប៉ុន្ដែយ៉ាងណា ចំពោះថ្ងៃមង្គលការវិញ នៅមិនទាន់បានកំណត់ច្បាស់លាស់នៅឡើយទេ អាចប្រារព្ធឡើងនៅឆ្នាំក្រោយ ៕