៥ ចំណុចដែលធ្វើឱ្យ ចេន ឆក់យកបេះដូងមហាជន ជាពិសេស Fan នារីៗ
ទោះបីជាបានផ្តាច់ខ្លួន និង បំបែកក្រុម Mustaches Band អស់ជាច្រើនខែហើយយ៉ាងណាក្តី ប៉ុន្តែអតីតសមាជិកក្រុមចម្រៀងនេះ ចេន នៅតែបន្តឆក់យកបេះដូងអ្នកគាំទ្រជាច្រើនដដែល។
ក្នុងនោះ ក្រោយពីប្រែក្លាយខ្លួនទៅជាតារាចម្រៀងទោល និង ឯករាជ្យរួចហើយនោះម្ចាស់បទ «ជូនអូនទៅរកគេ» រូបនេះកាន់តែទទួលបានប្រជាប្រិយភាព និង ល្បីល្បាញកាន់តែខ្លាំងឡើងៗ។ ខាងក្រោមនេះ គឺជា ៥ ចំណុច ដែលធ្វើឱ្យ ចេន ទទួលបានកេរ្តិ៍ឈ្មោះល្បីល្បាញខ្លាំងក្នុងស្រទាប់យុវវ័យ ជាពិសេសការស្រឡាញ់ និង ពេញចិត្តយ៉ាងខ្លាំងពីសំណាក់ fan នារីៗ៖
១) ជំនាញលេងហ្គីតា និង និពន្ធ
ចេន គឺជាតារាចម្រៀង Original មួយរូបក្នុងចំណោម តារាចម្រៀង Original ផ្សេងទៀតដែលអាចនិពន្ធទាំងបទភ្លេង និង ទំនុកចម្រៀងដោយខ្លួនឯង។ ម្យ៉ាងវិញទៀត លោកមានជំនាញលេងឧបករណ៍តន្ត្រី ហ្គីតា បានយ៉ាងស្ទាត់ជំនាញទៀតផង។
២) ស្ទីលច្រៀងខុសប្លែកពីតារាចម្រៀងដទៃ
ចេន មានសំឡេងពីរោះមួយបែប និងប្រើស្ទីលច្រៀងខុសប្លែកពីតារាចម្រៀងដទៃ។ នេះអាចចាត់ទុកថា ជាភាពវ័យឆ្លាត ក្នុងការច្នៃខ្លួនឯង រៀបចំខ្លួន ឱ្យមានស្ទីលច្រៀងខុសប្លែកពីអ្នកដទៃ និង ធ្វើឱ្យអ្នកគាំទ្រ អាចចងចាំសំឡេងលោកទុកក្នុងបេះដូងរបស់ពួកគេ ដោយមិនច្រលំជាមួយតារាចម្រៀងផ្សេងទៀត។ ជារឿយៗ នៅពេលឡើងឆាកកាន់ម៉ៃក្រូហ្វូនច្រៀងម្តងៗ តារារូបនេះតែងតែអង្រួនបេះដូង fan មិនតិចនោះទេ។
៣) មានរូបរាងស្រស់សង្ហា
រូបរាងខ្ពស់ស្រឡះ ភ្នែកតឹងៗ ចិញ្ចើមក្រាស់ ស្នាមញញឹមដ៏ស្រទន់ បានធ្វើឱ្យ ចេន ទទួលពាក្យសរសើរពីមហាជនមិនដាច់ពីមាត់ ថាលោកមានរូបរាងទាក់ទាញប្លែក ស្រស់សង្ហា មិនចាញ់តារាបរទេសឡើយ។
៤) ស្ទីលតុបតែងខ្លួន
ចេន និយមទុកសក់វែង ចូលចិត្តស្លៀកសំលៀកបំពាក់បែបបែបសាមញ្ញៗ តែទាន់សម័យ ហើយវាក៏ជាផ្នែកមួយដែលធ្វើឱ្យ យុវវ័យចាប់ចិត្តលើរូបលោក។
៥) និយាយបាន ៣ ភាសា
ក្រៅពីមានទេពកោលស្យសិល្បៈ ចេន ជាតារាចម្រៀង ដែលអាចនិយាយបានទៅដល់ ៣ ភាសា ក្នុងនោះរួមមាន ភាសាខ្មែរ ភាសាថៃ និង ភាសាអង់គ្លេស៕