ម៉ៃយ៉ា កាន់តែស្អិតល្មួតជាមួយគូស្នេហ៍ភេទដូចគ្នា មើលទៅមានសេចក្តីសុខខ្លាំង
ពីមួយថ្ងៃទៅមួយថ្ងៃចំណងស្នេហ៍ភេទដូចគ្នារបស់តារាសម្តែងកូនកាត់ ម៉ៃយ៉ា កាន់តែស៊ីជម្រៅ និង ស្អិតល្មួតដូចគូស្នេហ៍បុរស និង ស្រ្តី ហើយពេលនេះនាងថែមទាំងហៅគូស្នេហ៍ថាជាប្តីពេញៗមាត់តែម្តង ធ្វើឱ្យបុរសមិនតិចទេលួចច្រណែន ។
ជាមួយនឹងសម្រស់ស្រស់ស្អាតបែបកូនកាត់បានធ្វើឱ្យតារាសម្តែង ម៉ៃយ៉ា បុរសៗជាច្រើន ជាពិសេសអ្នកមានទ្រព្យសម្បត្តិលង់ស្រឡាញ់ តែគួរឱ្យស្តាយតារាសម្តែងរូបស្រស់ម្នាក់នេះបែរជាប្រគល់បេះដូងឱ្យទៅស្រ្តីភេទដូចគ្នាទៅវិញ ដែលពេលនេះចំណងស្នេហ៍របស់អ្នកទាំងពីរក៏ផ្អែមល្ហែម និង បានរួមរស់នៅជាមួយគ្នាក្រោមដំបូលតែមួយ ហើយជារឿយៗ ម៉ៃយ៉ា តែងបង្ហាញរូបភាពស្វីតស្វីតនៅក្នុងបណ្តាញសង្គមមើលទៅពិតជាមានសេចក្តីសុខខ្លាំង ។
ពេលនេះដែរ ម៉ៃយ៉ា ហាក់ស្ងប់ស្ងាត់នៅក្នុងការសម្តែងរឿង តែនាងបែរលេចមុខលេចមាត់នៅក្នុងការថតស្ប៉តពាណិជ្ជកម្មនានា ជាពិសេសសម្អាងការតែម្តង ។ ក្រៅពីការងារសិល្បៈ ម៉ៃយ៉ា ក៏មានមុខរបរបន្ទាប់បន្សំនៅក្នុងដៃដែលមានដូចជាការលក់ផលិតផលរក្សាសម្រស់នៅតាមអនឡាញ ។ គេចាំបានថា កន្លងមក ម៉ៃយ៉ា ធ្លាប់អះអាងថានឹងចាកចេញទៅរស់នៅប្រទេសអាល្លឺម៉ង់វិញ តែកន្លងទៅជាច្រើនឆ្នាំនាងនៅតែបន្តរស់នៅស្រុកខ្មែរដដែល ៕