តារាចម្រៀង ៥ រូប កំពូលស្មោះ គ្មានប្រវត្តិខិលខូចស្នេហាអូនបង តាំងពីកំលោះរហូតមានប្រពន្ធ
ជីវិតជាតារាដែលស្លៀកពាក់ហ៊ឺហារសមសួនស្ទើរគ្រប់ពេលវេលានោះ ពិតជាពិបាកជៀសណាស់នូវការជំពប់ស្នេហ៍ក្រៅតម្រា ដូចជាការមានស្នេហានៅក្រៅផ្ទះ ជាពិសេសនោះគឺតារាប្រុសៗរូបរាងសង្ហា និង វោហារផ្អែមត្រជាក់ដូចឃ្មុំនោះតែម្ដង ។ យ៉ាងណាមិញ គេក៏សង្កេតឃើញមានតារាចម្រៀងប្រុសស្រស់សង្ហាល្បីៗមួយចំនួនមានប្រវត្តិល្អតាំងពីដើម ដោយមិនដែលមានលេចឮដំរួយ ឬ សញ្ញាណាមួយបង្ហាញថាពួកគេមានរឿងអាស្រូវក្រៅតម្រាជាមួយនារីណាម្នាក់ ធ្វើឱ្យប៉ះពាល់ដល់កិត្តិយសខ្លួន តាំងតែពីកំលោះរហូតពេលមានប្រពន្ធកូននោះឡើយ ។ តើមានតារាចម្រៀងប្រុសណាខ្លះ មកតាមដានជាមួយ «ប្រជាប្រិយ» ទាំងអស់គ្នា ៖
១-តារាចម្រៀង ព្រាប សុវត្ថិ
តារាចម្រៀង ព្រាប សុវត្ថិ មានប្រវត្តិល្អតាំងពីដើមទី ដោយពុំដែលមានរឿងអាស្រូវស្រីញីរុំខ្លួនធ្វើឱ្យតារាចម្រៀងរូបនេះធ្លាក់ប្រជាប្រិយភាពម្តងណាឡើយ ពោលគឺតាំងតែពីកំលោះរហូតដល់រៀបការ និង កូនប្រុស ៣ នាក់មានវ័យធំទន្ទឹមខ្លួននេះ ក៏នៅតែរក្សាបាននូវកិត្តិយស ភាពស្មោះត្រង់ជូនប្រពន្ធ និង នៅតែជាឪពុកម្នាក់ដ៏ល្អសម្រាប់កូនៗផងដែរ ។
២-តារាចម្រៀង ឆាយ វីរៈយុទ្ធ
សម្រាប់តារាចម្រៀងប្រចាំផលិតកម្មសាន់ដេ ឆាយ វីរៈយុទ្ធ ក៏ត្រូវបានគេស្គាល់ថាជាតារាចម្រៀងមួយរូបមិនដែលមានប្រវត្តិរឿងស្រីញីធ្វើឱ្យខូចដល់កេរ្តិ៍ឈ្មោះរបស់ខ្លួនដែរ ។ មហាជនជាច្រើនបានស្គាល់ និង គាំទ្រតារាចម្រៀងប្រុសរូបនេះ ដោយសារតែចរិតល្អ មិនចេះឆ្មើងឆ្នៃ ពិសេសគឺមិនដែលលេចឮម្តងណាឡើយទាក់ទងនឹងរឿងអាស្រូវសាងស្នេហ៍បែកមួយយកមួយនោះ ពោលគឺតាំងតែពីកំលោះ ហើយរហូតមកដល់ពេលការប្រពន្ធ និង មានកូនក៏រឹតតែគ្មានថែមទៀត ។
៣-តារាចម្រៀង កែវ វាសនា
តារាចម្រៀងម្ចាស់បទ «លែងហ៊ានប្រាថ្នា» កែវ វាសនា វិញ តាំងពីចាប់ផ្តើមចូលប្រឡូកក្នុងសិល្បៈមក គេមិនដែលលេចឮថាតារាចម្រៀងប្រុសរូបនេះមានរឿងអាស្រូវស្នេហាជាមួយនារីណាម្នាក់នោះឡើយ ដោយគេតែតារាចម្រៀងនិយមម៉ូដសក់គ្របត្រចៀករូបនេះខំខិតពង្រឹងប្រជាប្រិយភាពរបស់ខ្លួនតាមរយៈការចេញបទចម្រៀងយុវវ័យប៉ុណ្ណោះ ។
៤-តារាចម្រៀង នី រតនា
បើនិយាយដល់ម្ចាស់ពាន Cambodian Idol រដូវកាលទី ១ នី រតនា ក៏មិនដែលមានលេចឮព័ត៌មានស្នេហាក្រៅឆាកដែរ ដោយតាំងពីក្លាយជាម្ចាស់ពានរបស់កម្មវិធីដ៏ល្បីនោះមក តារាចម្រៀងប្រុសដែលមានដើមកំណើតពីខេត្តកំពង់ធំរូបនេះ ខិតខំតែធ្វើការងារពង្រឹងលើអាជីពសិល្បៈខ្លួន ។ មកដល់បច្ចុប្បន្ននេះ តារាចម្រៀង នី រតនា បានសាងគ្រួសារហើយ ដោយទទួលបានកូនស្រីដ៏ស្រស់ស្អាតម្នាក់ជាចំណងដៃអាពាហ៍ពិពាហ៍នោះ ។
៥-តារាចម្រៀង សៅ ឧត្តម
ក្នុងនាមជាអតីតបេក្ខជនឆ្នើមម្នាក់ក្នុងកម្មវិធី Cambodian Idol រដូវកាលទី ១ សៅ ឧត្តម ក៏មិនខុសពីមិត្តរួមជំនាន់ នី រតនា ដែរ ដោយតាំងពីមហាជនបានស្គាល់រូបគេរហូតមកដល់ពេលរៀបការប្រពន្ធនេះ សៅ ឧត្តម មិនដែលមានរឿងអស្រូវខិលខូចមានស្នេហាផ្លាស់ប្តូរអ្វីឡើយ ពោលគឺមានប្រវត្តិគ្មានរឿងអាស្រូវស្រីញីទាល់សោះតាំងពីកំលោះមកដល់ពេលនេះ ៕