ព្រាប សុវត្ថិ ដាច់ចិត្តចេញពីហង្សមាសទ្រនំផ្តល់កំណើតសិល្បៈ ទៅកាន់ផលិតកម្មថ្មី Galaxy Navatra ពិតទេ?
កន្លងមកនេះមានព័ត៌មានចចាមអារ៉ាមមួយបានចាប់ផ្ទុះឡើងក្នុងស្រទាប់អ្នកគាំទ្រ ដោយគេឮថាតារាចម្រៀងលំដាប់កំពូលក្នុងផលិតកម្មរស្មីហង្សមាស ព្រាប សុវត្ថិ នឹងចាកចេញពីទ្រនំកក់ក្តៅនេះ ទៅកាន់ផលិតកម្មថ្មីរបស់លោកឧកញ៉ា ឡេង ណាវ៉ាត្រា ។
ព័ត៌មានកំពុងតែក្តៅនេះបានចាក់ស្រេះរកចម្លើយមិនឃើញឡើយ បើទោះជាមានការសុំស្រាយបំភ្លឺកាលពីកន្លងមក មិនថាពីភាគីលោក ព្រាប សុវត្ថិ ឬ ពីលោក យឹម តាស្រង់ អ្នកគ្រប់គ្រងខាងផលិតកម្ម Galaxy Navatra ឡើយ ប៉ុន្តែក្នុងនោះគេបែរជាកក់សម្គាល់ឃើញមានការបង្ហោះសារប្លែកៗពីអ្នកគ្រប់គ្រងរូបនេះថា រយៈពេល ២ ថ្ងៃមកនេះអ្នកកាសែតឆាត និង ខលសួរខ្ញុំតែរឿង លោក ព្រាប សុវត្ថិ #អ្វីដែលប្រុងកើតឡើងវាគង់តែកើត អ្វីដែលមិនប្រុងកើតឡើងវានៅតែមិនកើត ។
ចម្ងល់ខាងលើហាក់បានស្រាយបន្តិចម្តងៗ បន្ទាប់ថ្មីៗនេះនៅលើគណនីលោក ហេង ឡុង បានបង្ហោះលិខិតអញ្ជើញមួយសរសេរថា កម្មវិធីទទួលស្វាគមន៍កំពូលតារាចម្រៀង ព្រាប សុវត្ថិ មកកាន់ក្រុមហ៊ុន Galaxy Navatra Group ប៉ុន្តែគេនៅតែមិនទាន់ច្បាស់នៅឡើយទេថាលោក ព្រាប សុវត្ថិ អាចនឹងទៅចូលរួមក្នុងនាមផ្លាស់ប្តូរទ្រនំ ឬ ក្នុងហេតុផលទៅចូលរួមក្នុងគម្រោងរកស៊ីណាមួយជាមួយក្រុមហ៊ុនខាងលើនេះ ។
បើងាកមកមើលលោក សាក់ ធារិទ្ធ ដែលគេស្គាល់ថាជាអ្នកភ្លេចម្នាក់បានចេញពីផលិតកម្មថោន ចូលផលិតកម្ម Galaxy Navatra នេះវិញ បានបង្ហោះសារលើគណនីថា ស្វាគមន៍សមាជិកថ្មី ព្រាប សុវត្ថិ មកកាន់ Galaxy Navatra ជួបគ្នាឆាប់ៗនេះ ។
ការបង្ហោះរបស់អ្នកភ្លេងរូបនេះ អាចជាការបញ្ជាក់បន្ថែមថា តារាចម្រៀង ព្រាប សុវត្ថិ គឺជាសមាជិកថ្មីក្នុងផលិតកម្ម Galaxy Navatra មែនហើយ ។ ស្របគ្នានេះ នៅមានបុគ្គលល្បីៗក្នុងវិស័យចម្រៀងនេះជាច្រើនទៀតដែលបានបង្ហោះសារស្វាគមន៍លោក ព្រាប សុវត្ថិ ក្នុងនាមសមាជិកថ្មីរបស់ផលិតកម្ម Galaxy Navatra ។
ទោះជាយ៉ាងនេះក្តី យើងនៅតែស្រពិចស្រពិលនៅឡើយ ចង់ដឹងថាព័ត៌មានដ៏ក្តៅគគុកនេះពិតឬយ៉ាងណា? មានតែការរង់ស្រាយបំភ្លឺរបស់លោក ព្រាប សុវត្ថិ និង ក្រុមហ៊ុន Galaxy Navatra ដែលនឹងធ្វើឡើងនៅថ្ងៃទី ២៥ ខែសីហាខាងមុខនេះប៉ុណ្ណោះ ៕