ទម្លាយអាថ៌កំបាំងដែល Song Hye Kyo អាចយកឈ្នះរឿងឈឺចាប់ ទោះពេលខ្លះដួលសឹងបាក់ស្បាត
អ្នកគាំទ្រដែលធ្លាប់តាមដានរឿងរ៉ាវឯកជនរបស់តារាសម្តែង Song Hye Kyo ច្បាស់ជាធ្លាប់បានដឹងខ្លះមកហើយពីបញ្ហាជាច្រើនដែលស្រីស្អាតរូបនេះបានឆ្លងកាត់ ដោយនៅក្នុងនោះមានទាំងក្នុងការងារ និង ជីវិតគូរបស់នាងផងដែរ ។
ទោះជាធ្លាប់ជួបឧសគ្គជាច្រើនយ៉ាងណាក្តី តារាសម្តែងដែលអ្នកគាំទ្រកម្ពុជាតែងហៅថា ហាន់ ជីអ៊ុន នៅតែបន្តបោះជំហានក្នុងជីវិតរបស់នាងជានិច្ច ហើយនៅក្នុងនោះនាងក៏បានបង្ហើបប្រាប់ថា «មានរឿងរ៉ាវ ៣ ចំណុច ដែលអាចឱ្យនាងឆ្លងកាត់នូវបញ្ហាដ៏លំបាកៗបាន»។ តាមរយៈកិច្ចសម្ភាសមួយ តារាស្រី Song Heye Kyo បានប្រាប់ពីដំណោះស្រាយរបស់នាងដែលមានដូចជា ៖
១. ចំណងមិត្តភាព (គ្រួសារ និង មិត្តភក្តិ)
ចំពោះនាងភាពស្មោះត្រង់រវាងគ្រួសារ និង មិត្តភក្តិគឺជាទ្រព្យសម្បត្តិដែលមានតម្លៃបំផុតនៅក្នុងជីវិតរបស់នាង ។ នាងដឹងច្បាស់ថាមិនមានអ្វីសំខាន់ជាងការចែករំលែករឿងរ៉ាវពិត និង ពិបាកជាច្រើនជាមួយនឹងមនុស្សដែលនៅជិតនាងនោះទេ ។
២. ការសម្តែង
នាងអាចនឹងពិបាកបង្ហាញអារម្មណ៍មកជាសាធារណៈបានពីបញ្ហានៅក្នុងចិត្តរបស់នាង តែនាងជឿជាក់ថាការសម្ដែងបានផ្តល់ឱ្យនាងនូវវិធីសាស្ត្រនៃការបញ្ចេញអារម្មណ៍តានតឹងរបស់នាងក្នុងតួអង្គសម្តែងបាន ហើយនាងពិតជាពេញចិត្តការងារសម្តែងនេះខ្លាំងណាស់ ។
៣. ភាពជឿជាក់ និង ការលះបង់
ភាពជឿជាក់អាចឱ្យនាងពឹងផ្អែកលើអ្នកដែលនៅក្បែរនាង និង ប្រើចំណងមិត្តភាពដ៏រឹងមាំរបស់ពួកគេដើម្បីជំនះរាល់ការលំបាក ។ នាងជឿជាក់ថាសេចក្តីស្រឡាញ់ការលះបង់សម្រាប់គ្នាទៅវិញទៅមក និង ការផ្លាស់ប្តូរជាមួយអ្នកដែលនៅជុំវិញយើងគឺសំខាន់បំផុតនាពេលបច្ចុប្បន្ននេះ ៕