ទោះមានបញ្ហាសុខភាព ស្រេន វុធថា សន្យាសម្តែងរឿង «កម្មផល» ឱ្យអស់ពីចិត្ត មិនរួញរាឡើយ
កំពុងតែមមាញឹកក្នុងការសម្តែង និង ការងារសប្បុរធម៌ផង ថ្មីៗនេះតារាសម្តែង ស្រេន វុធថា បានធ្វើឱ្យអ្នកគាំទ្រមានការព្រួយបារម្ភយ៉ាងខ្លាំង បន្ទាប់ពីលោកបានជួបរឿងមិនល្អប៉ះពាល់ទៅលើឆ្អឹងខ្នងដែលតម្រូវឱ្យវះកាត់ជាបន្ទាន់ ។
យ៉ាងណាក៏ដោយតារារូបនេះ ក៏មិនទាន់សម្រេចចិត្តក្នុងការវះកាត់ក្នុងពេលឆាប់ៗនេះនៅឡើយទេ ព្រោះលោកកំពុងតែមមាញឹកក្នុងការសម្តែង ប៉ុន្តែលោកក៏បានតាមដានសុខភាព និង ជួបនឹងវេជ្ជបណ្ឌិតជំនាញដើម្បីតាមដានសុខភាពជាបន្ត ។
កាលពីដើមសប្តាហ៍កន្លងទៅ ក្នុងថ្ងៃក្រុងពាលីខ្សែភាពយន្តរឿង «កម្មផល» ដែលលោក ស្រេន វុធថា ត្រូវសម្តែងជាតួអង្គមួយរូបក្នុងខ្សែភាពយន្តនោះ បានប្រាប់មកកាន់ «ប្រជាប្រិយ» ថា «អាការរបស់លោកនៅតែឈឺជារឿយៗនៅឡើយ ទោះបានតាមដានសុខភាពជាមួយគ្រូពេទ្យក៏ដោយ ប៉ុន្តែខាងមុខនេះលោកនឹងចាប់ផ្តើមថតខ្សែភាពយន្តរឿង «កម្មផល» ផងនោះ ដូច្នេះលោកនឹងព្យាយាមក្នុងការមើលថែសុខភាពឱ្យបានល្អ» ។
ក្នុងនោះដែរ ទោះជាអាចនឹងមានផលប៉ះពាល់ទៅលើផ្នែកឆ្អឹងខ្នងរបស់លោកក៏ពិតមែន តែតារាសម្តែងស្រស់សង្ហាររូបនេះក៏បានបញ្ជាក់ទៀតថា «លោកនឹងព្យាយាមសម្តែងឱ្យអស់ពីសមត្ថភាពនៅក្នុងខ្សែភាពយន្តថ្មីនេះ» ៕