ស្ងាត់ៗពិធីការិនី កែវ ចាន់និមល ក្លាយជាថៅកែស្រីបាត់
មិនត្រឹមជាពិធីការិនីដែលមានឈ្មោះបោះសំឡេងនោះទេ ពេលនេះពិធីការិនី កែវ ចាន់និមល បានបោះទុនបង្កើតហាងកាហ្វេបន្ថែមពីលើការងារសព្វថ្ងៃរបស់ខ្លួន ដែលនឹងចាប់ផ្តើមដំណើរការនៅក្នុងថ្ងៃនេះ ហើយគ្រាន់តែចាប់ផ្តើមបើកភ្លាមក៏មានការចូលរួមសាទរ និង គាំទ្រហាងរបស់នាងជាច្រើនទៀតផង ។
ទិញផ្ទះវីឡាដ៏ស្រស់ស្អាតផ្គាប់ចិត្តកូនស្រីមិនទាន់បានប៉ុន្មានផង ពេលនេះ កែវ ចាន់និមល បានចាប់ផ្តើមអាជីពថ្មីរបស់ខ្លួនដោយនាងបានបើកហាង ភីជ ធី ដែលមានទីតាំងនៅបុរីអរ័គីដេ ផ្លូវ ២០០៤ បើកនៅថ្ងៃទី ០៣ នេះតែម្តង ក្នុងនោះក៏មានការបង្ហើបពីសំណាក់មិត្តភក្តិក្នុងសិល្បៈថាហាងនេះ កែវ ចាន់និមល ចំណាយដើមទុនធំគួរសម ព្រោះមិនថាទីតាំង និង ការរៀបចំលម្អហាងឃើញថាទាក់ទាញគួរសម ។ ដោយសារជាជំនួញដំបូងស្របពេលការងារសិល្បៈមិនសូវមមាញឹកនោះ កែវ ចាន់និមល អាចនឹងមានពេលវេលាច្រើនក្នុងការមើលការខុសត្រូវក្នុងរបរមួយនេះរបស់នាង ។
កែវ ចាន់និមល នៅតែលេចមុខនៅក្នុងកម្មវិធីធំៗជាច្រើននៅក្នុងទូរទស្សន៍ហង្សមាស ដែលចុងក្រោយនេះនាងកាន់តែបន្ថែមការរៀបចំតុបតែងខ្លួន និង សម្លៀកបំពាក់មើលទៅកាន់តែប្លែក និង ទាក់ទាញនៅពេលនាងបង្ហាញខ្លួនក្នុងកម្មវិធីនីមួយៗ ធ្វើឱ្យមានការសរសើរពីសំណាក់មហាជនជាច្រើនគ្រប់ៗគ្នា ៕