តារាស្រី ៦ ដួង សាងកេរ្ដិ៍ឈ្មោះល្បី ធ្លាប់ប្រឡងចម្រៀងក្នុងកម្មវិធីដូចគ្នា
ក្នុងពេលបច្ចុប្បន្ន ការប្រកួតប្រជែងក្នុងវិស័យចម្រៀង ហាក់បានបង្កើតឡើងជាច្រើនកម្មវិធីតាមបណ្តាស្ថានីយ៍ទូរទស្សន៍នានា។ ក្នុងនោះ ក៏មានសិល្បករ សិល្បការិនីល្បីៗជាច្រើននៅក្នុងពេលបច្ចុប្បន្ន ក៏ចាប់កំណើតពីការប្រកួតកម្មវិធីទាំងនោះដូចគ្នាផងដែរ។ យ៉ាងណាមិញ បើសង្កេតមកមើលតារាស្រីដែលចំនួន ៦ ដួង ដែលបានបោះជំហានចូលក្នុងវិស័យសិល្បៈ តាមរយៈការប្រកួតកម្មវិធីចម្រៀងដ៏ធំរបស់ស្ថានីយ៍ទូរទស្សន៍រស្មីហង្សមាស កំពុងសាងកេរ្តិ៍ឈ្មោះល្បីល្បាញយ៉ាងខ្លាំង ទោះបីជាពួកគេមិនទទួលបានជ័យលាភីក្នុងកម្មវិធីយ៉ាងណាក៏ដោយ។
១. តន់ ចន្ទសីម៉ា
ផ្តើមចេញពីការចូលរួមប្រកួតកម្មវិធី «The Voice Cambodia» រដូវកាលទី២ គ្រានោះតារាចម្រៀងសំឡេងផ្អែមរូបនេះមិនបានទទួលលទ្ធផលល្អក៏ពិតមែន ប៉ុន្តែបច្ចុប្បន្ន តន់ ចន្ទសីម៉ា បានបោះសន្ទុះយ៉ាងលឿន និង ខ្លាំងបំផុតរហូតឈានដល់លំដាប់ជួរមុខ នៃតារាចម្រៀងយុវវ័យផងដែរ នៅក្នុងផលិតកម្មហ្គាឡាក់ស៊ី ណាវ៉ាត់ត្រា។
២. រ៉េត ហ្សូសាណា
តារាចម្រៀងយុវវ័យរបស់ផលិតកម្មរស្មីហង្សមាសរូបនេះ ក៏បានបោះជំហានចូលវិថីសិល្បៈតាមរយៈការប្រកួតកម្មវិធី «The Voice Cambodia» រដូវកាលទី២ ដូចគ្នាដែរ។ តែក្នុងនោះតារាចម្រៀងនេះ ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងទៅលើការលើកយកបទចម្រៀងបរទេសមកបកស្រាយ។ បច្ចុប្បន្នតារាចម្រៀងវ័យក្មេងរូបនេះ ទទួលបានការគាំទ្រយ៉ាងខ្លាំងទាំងការច្រៀង និង ការសម្តែងផងដែរ។
៣. ប៉ាច គីមមួយ
បេក្ខភាព «The Voice Cambodia» រដូវកាលទី២ មុខកាត់ចិនរូបនេះ ក៏ហាក់ទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់មហាជន។ ក្នុងនោះគេសង្កេតឃើញថា បទចម្រៀងដែលមានការបកស្រាយ ដោយតារាចម្រៀងរូបនេះ នៅក្នុងផលិតកម្មរស្មីហង្សមាស ក៏ទទួលបានគាំទ្រផងដែរ ជាមួយនឹងទឹកដមសំឡេង និងស្ទីលនៃការតុបតែខ្លួនភាគច្រើនជាស្ទីលកូរ៉េយ៉ាងទាក់ទាញទៀតផង។
៤. ឈីន រតនៈ
បោះជំហានលើវិថីសិល្បៈដំបូងពី «The Voice Cambodia» រដូវកាលទី២ ដូចគ្នា ទោះមិនទទួលបានជ័យលាភីតែ ឈីន រតនៈ ទទួលបានសន្ទុះនៃការគាំទ្រយ៉ាងខ្លាំង។ ភ្លាមៗនោះ គ្រាន់តែបញ្ចប់កម្មវិធីនេះភ្លាម តារាចម្រៀងរូបនេះត្រូវបានចេញបទចម្រៀងផ្ទាល់ខ្លួន នៅក្នុងផលិតកម្មរស្មីហង្សមាស។ បច្ចុប្បន្នតារារូបនេះ ក៏ស្ថិតនៅលំដាប់តារាចម្រៀងយុវវ័យដែលមានប្រជាប្រិយភាពផងដែរ។
៥. ចំរើន សុភ័ក្ដ្រ
មិនត្រឹមតែជាតារាចម្រៀងសម័យតែប៉ុណ្ណោះនោះទេ ចំរើន សុភ័ក្ត្រ គឺជាសិល្បការិនីពហុជំនាញមួយរូបដែលមានទេពកោសល្យយ៉ាងច្រើននៅក្នុងវិស័យសិល្បៈ មិនថាច្រៀងបទបុរាណ ឬរាំរបាំបុរាណប៉ុណ្ណោះទេ។ បច្ចុប្បន្នបេក្ខភាព Top 4 «The Voice Cambodia» រដូវកាលទី១ នេះកាន់តែទទួលបានប្រជាប្រិយភាពកាន់តែខ្លាំងផងដែរ។ ម្យ៉ាងវិញទៀត តារាចម្រៀងរូបនេះក៏ទទួលពានជ័យលាភី «The Mask Cambodia» រដូវកាលទី១ទៀតផង៕
៦. ស៊ូ ស៊ីរីកា
ម្ចាស់បទ «ស្រលាញ់បងលើសហើយ» ស៊ូ ស៊ីរីកា ក៏មិនខុសពីតារាចម្រៀងវ័យក្មេង ៥ នាក់ខាងលើដែរ បច្ចុប្បន្ន នាងជាតារាចម្រៀងនៅក្នុងផលិតកម្ម «ថោន» ដែលមានបទចម្រៀងចេញលក់លើទីផ្សារជាច្រើនផងដែរ ។ ស៊ូ ស៊ីរីកា ជាអតីត បេក្ខនារីក្នុងកម្មវិធី «The Voice Cambodia» រដូវកាលទី ១ រូបនេះ ក៏បានឆក់បេះដូងអ្នកគាំទ្រជាច្រើន តាមរយៈទឹកដមសំឡេង ពីរោះ ស្ទីលច្រៀងប្លែកគេ និង ការតុបតែងខ្លួនតាមស្ទីលយុវវ័យយ៉ាងស្រស់ស្អាត ៕