ច្បាស់ជាប្លែក! ប្រុសសង្ហា ភឹម តារាវិបុល សម្តែងជាតួភេទទី ៣ លើកដំបូង ក្នុងភាពយន្តថ្មី (វីដេអូ)
អ្នកចូលចិត្តវិស័យខ្សែភាពយន្តខ្មែរប្រាកដជាធ្លាប់ទស្សនារាល់ការសម្តែងរបស់លោក ភឹម តារាវិបុល រួចមកហើយ ដោយភាគច្រើនក្នុងខ្សែភាពយន្តនីមួយៗតារាសម្តែងរូបនេះ តែងដើរតួជាតួឯកជាបុរសសង្ហារឺងមាំ ។
យ៉ាងណាមិញ តារាសម្តែងដែលជាអតីត Freshie Boy រូបនេះក៏បានបង្ហាញវត្តមានជាតួឯកក្នុងខ្សែភាពយន្តថ្មី ដែលចាក់បញ្ចាំងនៅលើកញ្ចក់ទូរទស្សន៍ MY Tv និង CTN មានចំណងជើងថា «ប្រហុកក្រអូប» ដែលមានផ្សាយជូនរៀងរាល់ថ្ងៃសៅរ៍-អាទិត្យ វេលាម៉ោង ៧-៨ យប់ និង មានចាក់ផ្សាយនៅប៉ុស្ដិ៍ MYTV រៀងរាល់ថ្ងៃ ច័ន្ទ-អង្គារ វេលាម៉ោង ១-២ ថ្ងៃត្រង់។
ក្នុងខ្សែភាពយន្ត «ប្រហុកក្រអូប» ដែលចាក់បញ្ចាំងភាគដំបូងកាលពីថ្ងៃទី ១ ខែសីហាកន្លងទៅ អ្នកទស្សនា និង អ្នកគាំទ្រលោក ភឹម តារាវិបុល ច្បាស់ជាប្លែកភ្នែកយ៉ាងខ្លាំងពីការសម្តែងរបស់លោកក្នុងខ្សែភាពយន្តនេះដោយលោកនឹងសម្តែងជាតួអង្គឯកដូចដើម ប៉ុន្តែត្រូវលេងចរិតជាភេទទី ៣ វិញម្តង ដែលខុសប្លែកពីចរិតដើមរបស់លោកក្នុងការសម្តែងខ្សែភាពយន្តមុនៗ ។
បើតាមការឱ្យដឹង សាច់រឿងថ្មី «ប្រហុកក្រអូប» នេះ គឺតម្រូវឲ្យតួឯកប្រុសលោក ភឹម តារាវិបុល បន្លំខ្លួនជាភេទទី ៣ ដើម្បីទៅនៅក្បែរតួឯកស្រី ដែលក្នុងនោះបង្កើតបានជាឈុតឆាកសំណើចសើចចុកពោះ រួមជាមួយឈុតឆាកពិសេសៗចាច្រើនទៀត ។ ចង់ដឹងថាតើលោក ភឹម តារាវិបុល សម្តែងក្លែងជាតួភេទទី ៣ ស័ក្តិសមយ៉ាងណាកុំភ្លេចទស្សនាខ្សែភាពយន្ត «ប្រហុកក្រអូប» នៅលើកញ្ចក់ទូរទស្សន៍ CTN និង MY TV៕