ស្រីស្អាត ជីមមី ប្រើពេល ៥ ឆ្នាំ ធ្វើឱ្យ Crush សារភាពស្រឡាញ់ខ្លួន (វីដេអូ)
នេះជាលើកដំបូងដែលពិធីការិនីរូបរាងតូចស្រឡូន ជីមមី បានរៀបរាប់ពីចំណងស្នេហ៍របស់ខ្លួនជាមួយបុរសសង្ហាឈ្មោះ ជីមម តាមការចង់ដឹងរបស់ហ្វេនៗ ។ អ្វីដែលកត់សម្គាល់ ជីមមី បានសារភាពថានាងជាអ្នកលួចស្រឡាញ់ និង ពេញចិត្តគូស្នេហ៍មុន តែគួរឱ្យស្តាយលោកបដិសេធ តែរយៈពេលច្រើនឆ្នាំបុរសរូបនោះបែរជាសារភាពលង់ស្នេហ៍ពិធីការិនី ជីមមី វិញ ។
មានបុរសមិនតិចទេដែលចង់ចូលខ្លួនមកធ្វើជាម្ចាស់បេះដូងរបស់ពិធីការិនី ជីមមី តែគួរឱ្យស្តាយពេល នេះនាងមានគូស្នេហ៍ហើយជាបុរសសង្ហាមាឌធំដំបងដែលមានឈ្មោះថា ជីមមី ។ ពិតជារឿងចៃដន្យដែលអ្នកទាំងពីរមានឈ្មោះដូចគ្នាបែបនេះ ។ អ្វីដែលចាប់អារម្មណ៍ពិធីការិនីរូបស្រស់ម្នាក់នេះរួមនឹងគូស្នេហ៍បានចូលខ្លួនមកឆ្លើយទៅតាមការចង់ដឹងពីមូលហេតុ ដែលពួកគេស្រឡាញ់គ្នាជាលើកដំបូងទៅតាមការចង់ដឹងរបស់ហ្វេនៗ ។
ដោយមិនលាក់លៀម ជីមមី បានសារភាពថា នាងជាអ្នកលួច Crush ជាមួយគូស្នេហ៍មុនដំបូងតាមរយៈការសម្តែង MV មួយរបស់ផលិតកម្មហង្សមាស ។ នាងគិតថាលោកមានរូបរាងសង្ហា និង ជាកូនកាត់គួរឱ្យស្រឡាញ់ ។ ជារឿងចៃដន្យក្រោយមកនាង និង គូស្នេហ៍បានរួមការងារជាមួយគ្នានៅទូរទស្សន៍ភីអិនអិន តែកាលណោះលោក ជីមមី ហាក់មិនចាប់អារម្មណ៍ចំពោះពិធីការិនី ជីមមី ឡើយបើទោះបីនាងបានសារភាពថាពេញចិត្តលោកក៏ដោយ ប៉ុន្តែអ្វីដែលចាប់អារម្មណ៍រយៈពេល ៥ ឆ្នាំក្រោយ ជីមមី បានឱ្យ Crush របស់នាងជាអ្នកសារភាពស្រឡាញ់នាងម្តងវិញ ។
ពីធីការិនីវ័យក្មេងរូបនេះបានលើកឡើងទៀតថាមូលហេតុនាងជ្រើសយកលោក ជីមមី ជាគូស្នេហ៍ ដោយសារលោកជាសុភាពបុរសពិតប្រាកដ ជាអ្នកការពារ និង នៅពីក្រោយរូបនាង និង ធ្វើឱ្យនាងជោគជ័យរហូតដល់សព្វថ្ងៃ ។ ទោះបីជាយ៉ាងនេះក្តី ជីមមី មិនទាន់គិតដល់រឿងរៀបការនោះទេដោយនាងនៅមានរឿងច្រើនដែលត្រូវធ្វើ ។
គួរបញ្ជាក់ថា គូស្នេហ៍របស់ ជីមមី មិនមែនជាកូនកាត់ទេលោកគឺជាកូនខ្មែរដែលកើតនៅសហរដ្ឋអាមេរិក និង បានមករស់នៅក្នុងទឹកដីខ្មែរប្រមាណជា ៧ ឆ្នាំហើយ ។ ចង់ដឹងកាន់តែលម្អិតទស្សនាវីដេអូរបស់ពួកគេដូចខាងក្រោម ៖
រូបថត ៖ ហ្វេសប៊ុក