(វីដេអូ) ក្តៅចិត្តតិចអី! មើលរឿង F4 ចង់ ១០ ដងហើយ ទើបស្គាល់អ្នកបញ្ចូលសំឡេងតួអង្គ សាន់ឆាយ
ប្រិយមិត្តប្រហែលជាមិនអាចបំភ្លេចបាននោះទេនូវកំពូលរឿងភាគដ៏ល្បីរបស់តៃវ៉ាន់ «Meteor Garden» ដែលគ្រប់គ្នាស្គាល់ថា F4 កាលពី ១៩ ឆ្នាំមុន ដែលរឿងភាគនេះបានសាយភាពភាពល្បីល្បាញទូទាំងអាស៊ី ។
រឿងភាគដ៏ល្បីរបស់តែវ៉ាន់នេះមានការចូលរួមពីតារាសម្តែងប្រុសសំខាន់ៗដូចជា លោក Jerry Yan, Vic Chou, Ken Chu និង លោក Van Ness Wu ដែលត្រូវគេស្គាល់ថាជា F4 ទូទាំងអាស៊ី រួមនឹងតារាស្រីមួយរូបទៀតគឺនាង Barbie Hsu Si-yuan ដែលមានឈ្មោះក្នុងរឿងថា សាន់ឆាយ ។ រឿងនេះបានចាក់បញ្ចាំងនៅប្រទេសកម្ពុជាកាលពីអំឡុងឆ្នាំ ២០០១ ដោយស្ថានីយទូរទស្សន៍ប៉ុស្តិ៍លេខ ៥ បានទទួលសិទ្ធិចាក់ផ្សាយរឿងនេះ និង បានដាក់ចំណងជើងរឿងថា «ស្នេហា ៤ ដួង» ។
រឿងភាគ «ស្នេហា ៤ ដួង» នេះ បានធ្វើឱ្យមហាជនខ្មែរចាប់អារម្មណ៍ និង ចូលចិត្តតាមដានបំផុត ក៏ព្រោះតែសាច់រឿងល្អមើល ការសម្តែងដ៏ស័ក្តិសមរបស់តួអង្គនីមួយៗ និង អ្វីដែលពិសេសនោះគឺការកាត់តបញ្ជូលសំឡេងដ៏ស័ក្តិសម និង ស៊ីគ្នាទៅតាមចរិតលក្ខណៈតួអង្គ ពិសេសគឺតួអង្គស្រីនាង សាន់ឆាយ តែម្តង ។
អស់រយៈពេលជាង ២០ ឆ្នាំមកនេះ ប្រិយមិត្តប្រហែលជាមិនចាប់អារម្មណ៍ឡើយចំពោះសំឡេងតួអង្គ សាន់ឆាយ ថាតើអ្នកដែលបញ្ចូលសំឡេងតួឯកស្រីរូបនេះជានរណា? មានវ័យប៉ុន្មាន? និង មានសមត្ថភាពអ្វីខ្លះនោះ? ថ្ងៃនេះ «ប្រជាប្រិយ» សូមបង្ហាញមុខអ្នកបញ្ជូលសំឡេងតួអង្គ សាន់ឆាយ ក្នុងរឿង F4 នេះដល់ប្រិយមិត្តបានស្គាល់ ។
អ្នកស្រី តូច យ៉ានី មានវ័យ ៥៧ ឆ្នាំ មានស្រុកកំណើតនៅខេត្តបាត់ដំបង ដែលអ្នកស្រីគឺជាអ្នកបញ្ជូលសំឡេងតួអង្គឯកនាង សាន់ឆាយ ក្នុងរឿង F4 និង តួអង្គជាច្រើនទៀតក្នុងរឿងផ្សេងៗជាច្រើនទៀត ។ តាមបទសម្ភាសមួយនៅក្នុងកម្មវិធី Olatte CTN អ្នកស្រី តូច យ៉ានី បានឱ្យដឹងថា អ្នកស្រីមានបទពិសោធបញ្ជូលសំឡេងនេះរយៈពេលជាង ៣០ ឆ្នាំមកហើយ ហើយអ្នកស្រីមានសមត្ថភាពបញ្ចូលសំឡេងបានរហូតដល់ ៥ សំឡេង មានដូចជា សំឡេងតួឯកស្រី សំឡេងតួរង សំឡេងតួអង្គយាយ សំឡេងតួអង្គម្តាយ និង សំឡេងតួអង្គកូនក្មេង ។
ក្នុងបទសម្ភាសនោះដដែលអ្នកស្រី តូច យ៉ានី ដែលកំពុងបម្រើការក្នុងស្ថានីយទូរទស្សន៍ហង្សមាសពេលបច្ចុប្បន្ននេះ បានរៀបរាប់បន្ថែមទៀតថា សម្រាប់ការបញ្ចូលសំឡេងនេះមិនមែនជាការងាយស្រួលនោះទេក្នុងការធ្វើត្រាប់តាមគេបើធ្វើមិនត្រូវនោះ ទាមទារទាល់តែយើងព្យាយាមខ្ពស់ ពិសេសនោះគឺត្រូវរត់មាត់ មើលអក្សរ និង មាត់តួអង្គ ដើម្បីធ្វើយ៉ាងណាឱ្យសម ត្រូវគ្នា ព្រោះអ្នកបញ្ចូលសំឡេងចាត់ទុកដូចជាតួសម្តែងម្នាក់ បើសិនតួយំយើងត្រូវយំតាមនៅពេលបញ្ជូលសំឡេង បើកាចត្រូវកាច បើកំសត់តូ្រវកំសត់ បើឆ្កួតត្រូវឆ្កួត និយាយរួមគឺធ្វើទៅតាមចរិតលក្ខណៈតួអង្គនីមួយៗ ៕