១៥ ឆ្នាំ លើវិថីសិល្បៈ តារាចម្រៀង សុខ ស្រីនាង ជួបរឿងអណ្តែតច្រើនជាងលិច
សុខ ស្រីនាង ចាត់ទុកជាតារាចម្រៀងស្រីដ៏មានប្រជាប្រិយភាព និង មានសម្រស់ស្រស់ស្អាតពីធម្មជាតិ ហើយនាងក៏ត្រូវបានមហាជនសរសើរថាជាតារាស្រីដែលមានអត្តចរិតស្លូតបូត និង សុភាពរាបសា ដែលមានចរិយាសមសួនគួរឲ្យស្រឡាញ់ ។ យ៉ាងណាមិញថ្ងៃនេះយើងលើកពីព័ត៌មានខ្លះៗទាក់ទងតារាចម្រៀងស្រីរូបនេះ បន្ទាប់ពីប្រឡូកក្នុងពិភពសិល្បៈ មកបង្ហាញប្រិយមិត្តបានដឹង តើតារាចម្រៀងស្រីរូបនេះមានប្រវត្តិឈរលើវិស័យសិល្បៈលិច ឬ អណ្តែតបែបណាខ្លះ ?
សុខ ស្រីនាង បានចាប់ផ្តើមប្រឡូកក្នុងសិល្បៈចម្រៀងតាំងពីដើមឆ្នាំ ២០០៥ ក្នុងផលិតកម្ម គឹមហេង (KH) ហើយក៏ជាតារាចម្រៀងស្រីមួយរូបដែលចាប់ផ្ដើមប្រឡូកសិល្បៈភា្លមល្បីភា្លមតាមរយៈបទចម្រៀងដំបូងរបស់ខ្លួនមួយចំនួនដូចជា «រាត្រីនឹកបង» និង បទ «ភ្លឺឡើងបាត់ស្នេហ៍» ។ នៅក្នុងចន្លោះឆ្នាំ ២០០៧-២០០៩ តារាចម្រៀង សុខ ស្រីនាង ទទួលបានភាពល្បីល្បាញទូទាំងប្រទេសកម្ពុជាម្ដងទៀត តាមរយៈបទចម្រៀងនៅក្នុងខ្សែភាពយន្ដដ៏ល្បីមួយដូចជាបទ «កូនប្រសារស្រី» ដែលជាបទដ៏ល្បី និង ទទួលបានការគាំទ្រយ៉ាងខ្លាំងបំផុតពីសំណាក់មហាជន ។
ក្រោយពីបាត់មុខពីវិស័យចម្រៀងមួយរយៈ សុខ ស្រីនាង បានបង្ហាញមុខវិញជាលើកដំបូងម្ដងទៀតនៅក្នុងផលិតកម្ម BIGMAN ប៉ុន្ដែច្រៀងបាន ១ ឆ្នាំ កុងត្រាក៏ត្រូវបានបញ្ចប់ គ្រានោះនាងក៏បានសម្រេចចិត្តចូលច្រៀងនៅផលិតកម្ម Sunday ដោយកុងត្រារយៈពេល ៥ ឆ្នាំ (២០១២-២០១៦) ។ អំឡុងពេលនោះ សុខ ស្រីនាងទទួលបានការងារយ៉ាងច្រើន ដូចជា ចេញ Album ដំបូងក្នុង Sunday មានបីបទដូចជា «១ លានហេតុផល» «ឱបអូនឱ្យយូរជាងនេះបានទេ» និង «ផ្ញើស្នាមញញឹមឱ្យអ្នកថ្មីបង» គ្រាន់តែចេញភ្លាមបីបទនេះក៏ទទួលបានការគាំទ្រយ៉ាងខ្លាំងលើសពីការរំពឹងទុក ។
ក្រោយមក នៅឆ្នាំ ២០១៧ តារាស្រីរូបនេះក៏ទទួលបានប្រជាប្រិយភាពល្បីល្បាញជាងមុនទៅទៀតនៅក្នុងផលិតកម្មហង្សមាស ដែលជាទ្រនំថ្មីរបស់អ្នកនាងតាមរយៈ បទ «ហត់ទេស្រលាញ់គេម្នាក់ឯង» «មនុស្សមានពិស» រួមទាំងបទចំរៀងជាច្រើនបទទៀត ។
ពិសេសជាងនេះក្រៅពីការច្រៀង តារាចម្រៀង សុខ ស្រីនាង ក៏បានចូលរួមសម្តែងជាតួឯកក្នុងខ្សែភាពយន្តខ្នាតធំរបស់ផលិតកម្ម KH Promotion ក្នុងរឿង «និស្ស័យស្លាប់រស់» ដែលជារឿងដ៏ល្បីល្បាញក្នុងឆ្នាំ ២០០៧ ។ ក្រោយមកនាងក៏បានចូលរួមសម្ដែងក្នុងរឿងល្បីជាច្រើនទៀតដូចជារឿង «វិញ្ញាណបិសាចជញ្ជក់ឈាម» ផលិតកម្ម SD សម្តែងជាមួយតួឯកប្រុស ខេមរៈ សេរីមន្ត និង ក្រោយនេះគឺរឿង «រាជនីភូមិគ្រឹះ» ផលិតដោយផលិតកម្មហង្សមាស សម្តែងជាមួយតួឯកប្រុស ណុប បាយ៉ារិទ្ធ ជារឿងកំពុងចាក់បញ្ចាំងនៅស្ថានីយទូរទស្សន៍ហង្សមាសក្នុងឆ្នាំ ២០១៩ នេះ ។
មិនតែប៉ុណ្ណោះ ដោយសារមានរូបសម្រស់ស្រស់ស្អាត ក្រៅពីការច្រៀង និង ការសម្ដែង តារាចម្រៀងរូបនេះក៏ជាតារាស្រីដែលត្រូវប៉ាន់ក្នុងការថតផ្សព្វផ្សាយឱ្យសំអាងការដែរ ពីព្រោះរូបសម្រស់របស់នាងពេលស្លៀកសំលៀកបំពាក់បុរាណខ្មែរគឺពិតជាស្រស់ស្អាត និង ស័ក្តិសមឥតខ្ចោះ ។ បច្ចុប្បន្ន សុខ ស្រីនាង ក៏កំពុងតែកាន់តំណែងជាគ្រូបង្វឹក និង ជាគណៈកម្មការក្នុងកម្មវិធីប្រឡងចម្រៀងកុមារដ៏ល្បីមួយលំដាប់ថ្នាក់ពិភពលោក ជាមួយនឹងតារាចម្រៀងប្រុសដ៏ល្បីចំនួន ២ ដួងទៀតគឺ លោក ព្រាប សុវត្ថិ និង ឆន សុវណ្ណរាជ ។
បើងាកនិយាយពីប្រវត្តិស្នេហារបស់ សុខ ស្រីនាង ដូចជាមិនសូវសមប្រកបនោះទេ ដោយនាងបានចូលរោងការជាមួយតារាចម្រៀងឈ្មោះ ស៊ីសុវត្តិ នៅថ្ងៃទី ២៧ ខែមីនា ឆ្នាំ ២០១០ តែដោយសារការរស់នៅមិនចុះសម្រុងនឹងគ្នា ក្រោយមកនាងក៏សម្រេចចិត្តលែងលះនៅឆ្នាំ ២០១២ ដោយរស់នៅក្នុងភាពនៅលីវជាថ្មី រហូតដល់បច្ចុប្បន្ន ៕
ដកស្រង់ ៖ តារាខ្មែរ Star Cambodia