វាសនាខ្ពស់ អតីតសិល្បការិនី ៦ នាក់ ក្លាយជាជំទាវ រស់នៅសោយសុខ កាន់មុខជំនួញពេញដៃ
មានតារា និង អតីតតារាស្រីមិនប៉ុន្មាននាក់ទេ ដែលមានភ័ព្វវាសនាខ្ពស់ក្លាយជាជំទាវ ដោយពេលនេះពួកគេកំពុងរស់នៅយ៉ាងសុខស្រួល មានសេចក្ដីសុខជាមួយគ្រួសារ និង គំនរទ្រព្យសព្វបែបយ៉ាង ។ ថ្ងៃនេះ «ប្រជាប្រិយ» នឹងបង្ហាញពីអតីតសិល្បការិនី ៦ នាក់ ដែលពេលនេះបានក្លាយជាជំទាវទាំងវ័យក្មេង និង កំពុងរួមគ្នាកាន់ជំនួញពេញដៃជាមួយស្វាមី ។
១- លោកជំទាវ ស្រីតូច ចំណាន
នរណាៗក៏ដឹងដែរថាអ្នកនាង ម៉ៅ ចំណាន ដែលមានឈ្មោះហៅក្រៅ ស្រីតូច ចំណាន គឺជាអ្នកក្នុងសិល្បៈមួយរូបក្នុងអតីតកាលដ៏មានឈ្មោះបោះសំឡេង ដោយពេលនេះនាងបានក្លាយជាជំទាវបន្ទាប់ពីរៀបអាពាហ៍ពិពាហ៍ពេញច្បាប់ជាមួយអ្នកឧកញ៉ា គិត ម៉េង ដែលគេស្គាល់ថាជាសេដ្ឋីស្រុកខ្មែរ និង ជាប្រធានក្រុមហ៊ុន Royal Group ហើយមកដល់ពេលនេះដែរ អ្នកនាងគឺទទួលបានកូន ៤ នាក់ ពីចំណងអាពាហ៍ពិពាហ៍នោះ ។
២- លោកជំទាវ លី យ៉ាណា
ចំពោះលោកជំទាវ លី យ៉ាណា ក៏ត្រូវបានមហាជនស្គាល់ដែរថាជាអតីតតារាបង្ហាញម៉ូដ Khmer Super Model មួយរូប ប៉ុន្តែក្នុងពេលបច្ចុប្បន្ននេះអតីតតារាម៉ូដែលរូបនេះ បានក្លាយជាជំទាវក្រោយរៀបការជាភរិយាឧកញ៉ា ហុង ពីវ ដែលគេស្គាល់ថាជាអគ្គនាយកក្រុមហ៊ុនបុរីពិភពថ្មី និង ជាម្ចាស់គ្រឹះស្ថានហិរញ្ញវត្ថុពិភពថ្មី ព្រមទាំងជាម្ចាស់បុរីពិភពថ្មីផង ។ មកដល់ពេលនេះ លោកជំទាវ លី យ៉ាណា កំពុងរស់នៅលើគំនរទ្រព្យស្ដុកស្ដម្ភ និង មានកូនស្រីម្នាក់ ។
៣- អ្នកនាង ពេជ្រ ច័ន្ទបូរមី
បើងាកមកមើលអ្នកនាង ពេជ្រ ច័ន្ទបរមី ក៏ធ្លាប់ជាសិល្បការិនីល្បីឈ្មោះម្នាក់ដែរ ហើយបច្ចុប្បន្នបានទទួលងារជាជំទាវ ក្រោយក្លាយជាភរិយារបស់ឧត្តមសេនីយ៍ កែវ វ៉ាន់ថន ជាអ្នកនាំពាក្យអគ្គនាយកដ្ឋាននគរបាលអន្តោប្រវេសន៍ ក្រសួងមហាផ្ទៃ ។ ជាមួយនឹងការរស់នៅលើគំនរទ្រព្យស្ដុកស្ដម្ភនោះ អតីតសិល្បការិនីរូបនេះ ក៏ទទួលបានចំណងដៃកូន ២ នាក់ផងដែរ ជាមួយឧត្តមសេនីយ៍ខាងលើ ។
៤- អ្នកនាង ផាន់ ម៉ូនីកា
មិនខុសគ្នាប៉ុន្មាននោះ អ្នកនាង ផាន់ ម៉ូនីកា ដែលជាអតីតតារាចម្រៀងប្រចាំផលិតកម្មសាន់ដេ ក៏ទើបតែបានក្លាយជាងជំទាវផងដែរ ក្រោយពីស្វាមីរបស់ខ្លួន ដែលគេស្គាល់ឈ្មោះ លោក គង់ សុខម៉េង បានឡើងតួនាទីជាជំនួយការផ្ទាល់សម្ដេចក្រឡាហោម ស ខេង កាលពីពេលកន្លងមកនេះ ។ បច្ចុប្បន្នអតីតតារាចម្រៀងរូបនេះ មានកូន ២ នាក់ និង មានមុខជំនួញពេញដៃ ។
៥- អ្នកនាង ហ៊ឹម ស៊ីវន
អ្នកនាង ហ៊ឹម ស៊ីវន ក៏ដូចគ្នាដែរ ដោយអ្នកនាងបានក្លាយជាជំទាវបន្ទាប់ពីរៀបការជាមួយលោក ពៅ ម៉ាលី មានងារជាឯកឧត្ដម និង ជាអគ្គនាយកនៃអគ្គនាយកដ្ឋានក្រសួងសាធារណការ និង ដឹកជញ្ជូន ។ សម្រាប់អ្នកនាង ហ៊ឹម ស៊ីវន បើទោះបីជាមានស្វាមីជាឯកឧត្តម និង មានងារជាជំទាវក្តី ប៉ុន្តែអ្នកនាងនៅតែប្រឡូកក្នុងអាជីពសិល្បៈដូចធម្មតាដដែល ។
៦- អ្នកនាង ហង្ស ម៉ារីណា
បើនិយាយដល់អ្នកនាង ហង្ស ម៉ារីណា បងស្រីរបស់ ហង្ស ម៉ារីនី វិញនោះ អ្នកនាងក៏ជាអ្នកសិល្បៈមួយផងដែរ និង ពេលនេះក៏បានក្លាយជាជំទាវម្នាក់ បន្ទាប់ពីបានរៀបអាពាហ៍ពិពាហ៍នឹងឯកឧត្តម ហេង សុខគង់ ដែលជារដ្ឋលេខាធិកាក្រសួងឧស្សាហកម្ម និង សិប្បកម្ម ៕