
នៅក្នុងវីដេអូមុន ប្រិយមិត្តបានជ្រាបរួចមកហើយពីមូលហេតុ និង វិធីបង្ការមួយចំនួនទាក់ទងនឹងជំងឺ «រលាកបំពង់ក» ដែលលោក វេជ្ជបណ្ឌិត ម៉េង សុខសៀន បានបកស្រាយយ៉ាងក្បោះក្បាយជូនប្រិយមិត្តទទួលជ្រាប ទុកជាចំណេះដឹងផ្នែកសុខភាពផ្ទាល់ខ្លួន ហើយពេលនេះលោក វេជ្ជបណ្ឌិត បានត្រលប់មកជាថ្មី ក្នុងការជម្រាបជូនពីវិធីព្យាបាលដោយខ្លួនឯងខ្លះៗ មុនទៅជួបវេជ្ជបណ្ឌិតវិញម្ដង ។
មនុស្សជាច្រើនបានជ្រាបរួចមកហើយថា រលាកបំពង់ក ភាគច្រើនបង្កឡើងដោយសារតែវីរុស ហើយវីរុសវាអាចបង្កបញ្ហាទាំងអស់នេះបាន ក៏ដោយសារតែប្រព័ន្ធភាពសុំារបស់យើងចុះខ្សោយ ។
លោក វេជ្ជបណ្ឌិត ម៉េង សុខសៀន ឯកទេសផ្នែករលាក សម្ផស្ស សល្យសាស្ត្រ នៅមន្ទីរពេទ្យព្រះកុសមៈ បានបង្ហើបគន្លឹះមួយចំនួនដើម្បីព្យាបាលជំងឺ «រលាកបំពង់ក» ដោយខ្លួនឯង នោះគឺ ត្រូវគេងឱ្យបានគ្រប់គ្រាន់ចាប់ពី ៧ ទៅ ៨ ម៉ោងក្នុងមួយយប់ដោយគ្មានការរំខាន ព្រោះការគេងបានគ្រប់គ្រាន់មានសារៈសំខាន់ណាស់សម្រាប់ជំនះជំងឺមួយនេះ ឬធ្វើឲ្យជាមុនកំណត់ ។ មួយវិញទៀត ខណៈដែលលោកអ្នកកំពុងជួបបញ្ហារលាកបំពង់ក សូមកុំសូវព្យាយាមនិយាយច្រើនពេក ។
ម្យ៉ាងវិញទៀត លោក វេជ្ជបណ្ឌិត ម៉េង សុខសៀន បានបន្ថែមថា យើងគួរតែជ្រើសរើសអាហារណាដែលងាយស្រួលក្នុងការទទួលទានដូចជា ប្រភេទស៊ុបមាន់ក្ដៅៗ មានលាយខ្ទឹមបារាំង ឬខ្ទឹមស មានជីវជាតិល្អបំផុត អាចប្រឆាំងជាមួយបាក់តេរីព្យាបាលអ្នកជំងឺ «រលាកបំពង់ក» បានយ៉ាងឆាប់រហ័ស ។
លើសពីនេះ ការជ្រើសរើសទទួលទានភេសជ្ជៈ ក៏ជាផ្នែកសំខាន់មួយល្អសម្រាប់អ្នកជំងឺ «រលាកបំពង់ក» ផងដែរ ហើយភេសជ្ជៈដែលល្អបំផុតនោះ គឺ ការទទួលទានទឹកឃ្មុំ ជាមួយនឹងទឹកក្រូចឆ្មារក្ដៅអ៊ុនៗ ។ ទឹកឃ្មុំធម្មជាតិ មានសារធាតុប្រឆាំងនឹងបាក់តេរី និង ជួយផ្ដល់សំណើមដល់បំពង់ក ។
ការហាត់ប្រាណ ការនៅឱ្យឆ្ងាយពីបរិយាកាសដែលសម្បូរទៅដោយផ្សេងបារី និង ការព្យាយាមទទួលទានអាហារ ដោយប្រយ័ត្នកុំឱ្យស្លាក់ឆ្អឹងជាដើម ក៏ជាផ្នែកមួយដ៏សំខាន់សម្រាប់អ្នកជំងឺ «រលាកបំពង់ក» ដែលអាចជួយព្យាបាលជំងឺនេះដោយខ្លួនឯងបាន ។
ប៉ុន្ដែ ដោយឡែកចំពោះកូនក្មេង ឬក៏មនុស្សធំដែលឡើងកំដៅខ្លាំងមិនស្រុតចុះ ត្រូវទៅជួបគ្រូពេទ្យជំនាញដើម្បីទទួលការព្យាបាលជាបន្ទាន់ ៕
ដោយ៖ បេប៊ី
អត្ថបទដោយ៖ បេប៊ី