ក្ដៅចិត្តតិចអី! តារាហុងកុងម្នាក់ ត្រូវពេទ្យរុកច្រមុះតេស្ដកូវីដ រហូតចេញឈា.មកក្លាក់ ផ្ទុះផ្អើលអស់មហាជន
តារាសម្ដែងប្រុសហុងកុង Wong Hei បានធ្វើការប្ដឹងទៅកាន់ប៉ូលិស ដោយចោទប្រកាន់បុគ្គលិកពេទ្យម្នាក់ ថាប៉ុនប៉ងធ្វើឃាតលោក ក្រោយធ្វើការរុកច្រមុះតេស្តរកកូវីដ-១៩ រហូតចេញឈាមកក្លាក់។
តាមរយៈការបង្ហោះលើបណ្ដាញសង្គមកាលពីថ្ងៃទី ០៣ ខែមេសា ឆ្នាំ ២០២២ កន្លងទៅ តារាសម្ដែងប្រុសវ័យ ៥៤ ឆ្នាំរូបនេះបានរៀបរាប់ថា៖ «ត្រូវគេចាក់ច្រមុះ ខណៈធ្វើតេស្ត PCR ក្រោយមកដល់តៃវ៉ាន់។ ជនបង្ក គឺបានរត់គេចខ្លួនបាត់ហើយ ដោយគ្មាននរណាស្គាល់ឈ្មោះនាងឡើយ ហើយអ្វីដែលគេដឹងនោះ គឺនាងគឺជាបុគ្គលិកពេទ្យម្នាក់»។
តាមសម្ដីរបស់តារាសម្ដែងដដែលនេះ បានឱ្យដឹងថា ដំបូងឡើយ លោកគឺត្រូវបានស្នើឱ្យទទួលការធ្វើតេស្ត PCR ក្រោយពេលមកដល់ព្រលានយន្តហោះអន្តរជាតិ Taoyuan នៅតៃវ៉ាន់។ ពេលកំពុងធ្វើតេស្តនោះ ស្ត្រីដែលជាបុគ្គលិកពេទ្យដែលបានរត់គេចខ្លួន គឺបានយកដងសំឡីរុកចូលច្រមុះលោក ហើយចាប់ទាញក្បាលលោកមកមុខ ដែលបណ្ដាលឱ្យរន្ធច្រមុះខាងស្ដាំលោក ហូរឈាមកក្លាក់ភ្លាមៗ។
ទោះជាយ៉ាងណា ក្រោយការប្ដឹងផ្ដល់ ខាងប៉ូលិសតៃវ៉ាន់ គឺបានបដិសេធមិនទទួលសំណុំរឿងហេតុការណ៍របស់លោកឡើយ និងបានណែនាំលោកឱ្យទាក់ទងទៅខាងភ្នាក់ងារប្រយុទ្ធប្រឆាំងជំងឺឆ្លងឱ្យជួយដោះស្រាយវិញ។
គួរឱ្យដឹងដែរថា ក្រោយទទួលដឹងឮពីហេតុការណ៍មួយនេះ ខាងអ្នកនាំពាក្យឱ្យភ្នាក់ងារប្រយុទ្ធប្រឆាំងជំងឺឆ្លង បានបញ្ជាក់ថា បុគ្គលិកពេទ្យស្រីដែលធ្វើតេស្តលើលោកនោះ គឺមិនបានរត់ទៅណាទេ ដោយនាងគឺបានយកសំណាកទៅមន្ទីរពិសោធប៉ុណ្ណោះ។ អ្នកនាំពាក្យដដែលបានឱ្យដឹងទៀតថា ពេលនោះ បុគ្គលិកពេទ្យផ្សេងទៀត បានយកក្រដាស និង ម៉ាស់ថ្មីឱ្យលោក ដើម្បីទប់ឈាម តែលោកមិនព្រម។
គួរបញ្ជាក់ផងដែរថា លទ្ធផលតេស្ត PCR គឺបានចេញលទ្ធផលដែរ ដោយលោកគឺវិជ្ជមានកូវីដ-១៩ ហើយបច្ចុប្បន្នត្រូវបានបញ្ជូនទៅមណ្ឌលចត្តាឡីស័ក ដើម្បីព្យាបាលខ្លួន៕
ប្រភព៖ 8Days