រកឃើញអ្នកលក់ខោអាវ ក្នុងផ្សារទួលទំពូង កើតកូវីដបំប្លែងថ្មី «Delta»
អនុគណៈកម្មការស្រាវជ្រាវ និង តាមដានជំងឺកូវីដ-១៩ នៅរសៀលថ្ងៃទី ២៩ ខែកញ្ញា ឆ្នាំ ២០២១ នេះ បានផ្ដល់ព័ត៌មានពីករណី រកឃើញវិជ្ជមានកូវីដ-១៩ បំប្លែងថ្មី ប្រភេទ Delta លើអ្នកលក់ខោអាវ ក្នុងផ្សារទួលទំពូង ស្ថិតក្នុងខណ្ឌចំការមន រាជធានីភ្នំពេញ។
អ្នកជំងឺកូវីដបំប្លែងថ្មី ដែលបានរកឃើញវិជ្ជមានខាងលើ បានមកលក់ខោអាវនៅតូបលេខ ១៦២ ត្រឹមថ្ងៃទី ២៣ ខែកញ្ញា ឆ្នាំ ២០២១ និងបានធ្វើតេស្ត រកឃើញវិជ្ជមានកូវីដ-១៩ នៅថ្ងៃទី ២៧ ខែកញ្ញា ឆ្នាំ ២០២១ កន្លងទៅ។ ដូច្នេះហើយ ទើបក្រុមគ្រូពេទ្យសម្ដេចតេជោប្រឆាំងកូវីដ-១៩ ចុះយកសំណាកនៅទីតាំងពាក់ព័ន្ធនៅក្នុងផ្សារខាងលើ ដែលជាលទ្ធផល យកសំណាកអាជីវករផ្សារចំនួន ១៥ នាក់ គឺអវិជ្ជមានទាំងអស់។
ទាក់ទិនទៅនឹងរឿងនេះ ខាងគណៈកម្មការស្រាវជ្រាវ និង តាមដានជំងឺកូវីដ-១៩ ក៏បានអំពាវនាវឱ្យអ្នកដែលបានពាក់ព័ន្ធ សូមយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួន ចាប់ពីថ្ងៃដែលបានប៉ះពាល់ ឬ បានទៅទីកន្លែងខាងលើនេះ និង ចូលរួមអនុវត្តវិធានការ ៣ ការពារ ៣ កុំ ឱ្យបានខ្ជាប់ខ្ជួន៕