ត្រៀមៗ! ក្រោយសម្រាកភ្ជុំបិណ្ឌ ក្រសួងណែនាំឱ្យកម្មករតាមរោងចក្រ-សហគ្រាស ត្រូវធ្វើតេស្តកូវីដ-១៩
ក្រសួងការងារ និង បណ្ដុះបណ្ដាលវិជ្ជាជីវៈ នៅថ្ងៃទី ២៨ ខែកញ្ញា ឆ្នាំ ២០២១ នេះ បានចេញសេចក្ដីណែនាំស្ដីពីការធ្វើតេស្តរហ័សរកមេរោគកូវីដ-១៩ ដល់កម្មករនិយោជិត នៅតាមរោងចក្រ សហគ្រាស នៅទូទាំងព្រះរាជាណាចក្រកម្ពុជា ក្រោយពេលឈប់សម្រាកក្នុងពិធីបុណ្យភ្ជុំបិណ្ឌ ឆ្នាំ ២០២១។
ក្រសួងបានបញ្ជាក់ផងដែរថា ការណែនាំបែបនេះ គឺដើម្បីរក្សាបាននូវសកម្មភាព អាជីវកម្ម/ផលិតកម្ម និង ការផ្តល់សេវាកម្ម ក៏ដូចជាចូលរួមចំណែកប្រយុទ្ធ និង ទប់ស្កាត់ការរីករាលដាលទ្រង់ទ្រាយធំ នៃជំងឺកូវីដ-១៩ បណ្តាលមកពីមេរោគបម្លែងថ្មីប្រភេទដែលតា (Delta) នៅតាមរោងចក្រ សហគ្រាស ក្រោយពេលឈប់សម្រាក ក្នុងពិធីបុណ្យភ្ជុំបិណ្ឌ។
ដូច្នេះហើយ ក្រសួងសូមណែនាំដល់ម្ចាស់ ឬ នាយករោងចក្រ សហគ្រាស និង កម្មករនិយោជិត ដូចខាងក្រោម៖
១. ម្ចាស់ ឬ នាយករោងចក្រ សហគ្រាស ត្រូវត្រៀមឧបករណ៍ធ្វើតេស្តរហ័សរកមេរោគកូវីដ-១៩ ឱ្យបានគ្រប់ចំនួន សម្រាប់ធ្វើតេស្តរកមេរោគកូវីដ-១៩ ដល់កម្មករនិយោជិតរបស់ខ្លួន ក្រោយពេលឈប់សម្រាកក្នុងពិធីបុណ្យភ្ជុំបិណ្ឌ ឆ្នាំ ២០២១។
២. ការធ្វើតេស្តរហ័សរកមេរោគកូវីដ-១៩ នេះ គឺជាបន្ទុករបស់ម្ចាស់ ឬ នាយករោងចក្រ សហគ្រាស។
៣. កម្មករនិយោជិតទាំងអស់ ត្រូវចូលរួមធ្វើតេស្តរហ័សរកមេរោគកូវីដ-១៩ តាមការរៀបចំរបស់ម្ចាស់ ឬ នាយក រោងចក្រ សហគ្រាស។ ចំពោះអ្នកមិនព្រមចូលធ្វើតេស្ត នឹងត្រូវចាត់ទុកថា បានល្មើសធ្ងន់ចំពោះវិធានខាងវិន័យសន្តិសុខ និង អនាម័យ ដូចមានចែងក្នុងមាត្រា ៨៣ នៃច្បាប់ស្ដីពីការងារ និង បទប្បញ្ញត្តិជាធរមាន ដែលបើកសិទ្ធិឱ្យនិយោជក អាចបញ្ឈប់កម្មករនិយោជិតពីការងារបាន។
៤. កម្មករនិយោជិតទាំងអស់ ត្រូវជូនដំណឹងមកក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈ តាមរយៈ ក្រុមតេឡេក្រាម ក្នុងករណីនិយោជកមិនបានធ្វើតេស្តរហ័សរតមេរោគកូវីដ-១៩ ជូនបងប្អូនកម្មករនិយោជិត ក្រោយពេលឈប់សម្រាកក្នុងពិធីបុណ្យភ្ជុំបិណ្ឌនេះ។
៥. កម្មករនិយោជិត ដែលបានឈប់សម្រាកក្នុងពិធីបុណ្យភ្ជុំបិណ្ឌនេះ ត្រូវអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវវិធានការ «៣ ការពារ និង ៣ កុំ» ជាពិសេសពាក់ម៉ាស់ លាងដៃញឹកញាប់នឹងសាប៊ូ រក្សាគម្លាតសុវត្ថិភាពបុគ្គល ក្នុងពេលធ្វើដំណើរដោយរថយន្តរួម និង ត្រូវយកតាមខ្លួននូវទឹកអាល់កុល ឬ អាល់កុលដែលលាងដៃ៕
សូមអានសេចក្ដីណែនាំលម្អិតនៅខាងក្រោម ៖