បន្ទាន់! រកឃើញព្រះសង្ឃជិត ៦០ អង្គ គង់នៅវត្តខ្នាចរមាស វិជ្ជមានកូវីដ-១៩
រដ្ឋបាលស្រុកបវេល ខេត្តបាត់ដំបង នៅរសៀលថ្ងៃទី ២៧ ខែកញ្ញា ឆ្នាំ ២០២១ នេះ បានចេញសេចក្ដីប្រកាសព័ត៌មាន ជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋ និងសាធារណជន ឱ្យបានដឹងថា គិតត្រឹមម៉ោង ១២:៤០ នាទី ថ្ងៃទី ២៧ ខែកញ្ញា ឆ្នាំ ២០២១ នេះ លទ្ធផលយកសំណាកព្រះសង្ឃ គង់នៅវត្តខ្នាចរមាស ចំនួន ១៣៥ អង្គ បានរកឃើញ វិជ្ជមានកូវីដ-១៩ ចំនួន ៥៧ អង្គ។
ក្រោយប្រតិបត្តិការណ៍យកសំណាកព្រះសង្ឃ និងរកឃើញវិជ្ជមានកូវីដ ៥៧ អង្គនេះ ព្រះសង្ឃទាំងនោះ ត្រូវបានរៀបចំឱ្យគង់ព្យាបាល ក្នុងមណ្ឌលព្យាបាល វត្តខ្នាចរមាស ស្ថិតនៅស្រុកបវេល ក្នុងភូមិសាស្ត្រខេត្តបាត់ដំបង។ ក្នុងនោះ រដ្ឋបាលស្រុក ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ដែលមានការពាក់ព័ន្ធប៉ះពាល់ផ្ទាល់ ឬ ប្រយោល សូមទៅពិនិត្យសុខភាព និងយកសំណាក នៅមណ្ឌលចត្តាឡីស័ក អនុវិទ្យាល័យបវេលសាមគ្គី។
បន្ថែមលើសពីនេះ សូមបងប្អូន បន្តប្រុងប្រយ័ត្នឱ្យបានខ្ពស់បំផុត ចូលរួមអនុវត្តឱ្យបានម៉ឺងម៉ាត់ នូវវិធានការណែនាំរបស់ក្រសួងសុខាភិបាល ជាពិសេសវិធាន ៣ ការពារ (ពាក់ម៉ាស់ លាងដៃ និងរក្សាគម្លាតសុវត្ថិភាព) ៣ កុំ (កុំចូលទៅកន្លែងដែលបិទជិត កុំទៅកន្លែងមានមនុស្សច្រើន និងកុំប៉ះពាល់គ្នា) របស់រាជរដ្ឋាភិបាល៕