ព័ទ្ធធ្វើតេស្តទាំងយប់ អ្នកលួចលក់ដូរក្នុងតំបន់ក្រហម មុខផ្សារសាមគ្គី ខេត្តសៀមរាប រកឃើញវិជ្ជមានកូវីដច្រើននាក់
កាលពីទៀបភ្លឺថ្ងៃទី ២៧ ខែកញ្ញា ឆ្នាំ ២០២១ កន្លងទៅ អាជ្ញាធរខេត្តសៀមរាប បានធ្វើការហ៊ុមខ្ទប់ ចាប់ក្រុមអាជីវករ ដែលបានលួចចែកចាយ និង បានលួចលក់ដូរពេលយប់ នៅក្នុងតំបន់ក្រហម មានទីតាំងស្ថិតនៅមុខផ្សារសាមគ្គី ក្នុងសង្កាត់ស្លក្រាម នៃភូមិសាស្ត្រខេត្តសៀមរាប។
ទាក់ទិនទៅនឹងរឿងនេះ តាមរយៈប្រភពពីគណនីឈ្មោះ ឆឹង សុភា បានបញ្ជាក់ឱ្យបានដឹងថា ក្រោយពីការហ៊ុមព័ទ្ធរួចមក ក្រុមការងារបានដុតដៃដុតជើងទាំងយប់ យកសំណាកអ្នកសង្ស័យក្នុងទីតាំងខាងលើនេះភ្លាមៗ ដែលជាលទ្ធផល អ្នកដែលបានយកសំណាក គឺរកឃើញវិជ្ជមានជំងឺកូវីដ-១៩ ចំនួន ១០ នាក់ ដែលក្នុងនោះ មានបុរសចំនួន ០៨ នាក់ និង ស្ត្រីចំនួន ០២ នាក់ផងដែរ។
នេះជារឿងដ៏គួរឱ្យបារម្ភបំផុត ដែលតំបន់ទីតាំងខាងលើ ត្រូវបានកំណត់ទៅជាតំបន់ក្រហមហើយ បែរជាមានអាជីវករលួចទៅប្រមូលផ្ដុំគ្នា ធ្វើអាជីវកម្មទាំងយប់ ពុំអនុវត្តន៍តាមការណែនាំ តាមរយៈវិធានការដែលបានដាក់ចេញ ដែលអាចបង្ករទៅជាហានិភ័យ ក្នុងការរីករាលដាលជាបន្តបន្ទាប់ នាំឱ្យពិបាកក្នុងការកាត់ផ្ដាច់ខ្សែចម្លងវីរុសកាចសាហាវកូវីដ-១៩ នៅក្នុងសហគមន៍ នៅកម្ពុជា ជាពិសេសក្នុងភូមិសាស្ត្រខេត្តសៀមរាប ដែលជាតំបន់ មានការផ្ទុះឆ្លងរាលដាលច្រើន ក្នុងមួយរយៈចុងក្រោយនេះ៕