សូមជ្រាប! ពេលនេះ មណ្ឌលនៅសែនសុខ ១ សម្រេចដាក់ជាកន្លែងព្យាបាលអ្នកកើតកូវីដ «Delta»
តាមរយៈការផ្ដល់ដំណឹងពីក្រសួងព័ត៌មាន បានឱ្យដឹងថា មណ្ឌលព្យាបាលកូវីដ-១៩ សែនសុខ ១ បានដាក់ដំណើរការ ជាកន្លែងព្យាបាលអ្នកជំងឺកូវីដ-១៩ បំប្លែងថ្មីប្រភេទ Delta ហើយ ខណៈជំងឺនេះកំពុងតែមានការរាតត្បាត នៅក្នុងប្រទេសកម្ពុជា។
បើតាមប្រធានគ្រប់គ្រងមណ្ឌលថែទាំព្យាបាលជំងឺកូវីដ-១៩ លោកវេជ្ជបណ្ឌិត នេត សុវិរៈ បានមានប្រសាសន៍ឱ្យដឹងថា មណ្ឌលថែទាំព្យាបាលជំងឺកូវីដ-១៩ សែនសុខ ១ ដែលមានទីតាំងស្ថិតក្នុងខណ្ឌសែនសុខ រាជធានីភ្នំពេញ ពេលនេះបានរៀបចំដាក់អ្នកជំងឺកូវីដ-១៩ ប្រភេទថ្មី Delta និង បានបញ្ជូនអ្នកជំងឺប្រភេទអាល់ហ្វា ទៅកាន់មណ្ឌលថែទាំផ្សេងទៀត។
លោកបានបន្តថា ៖ «មណ្ឌលព្យាបាលជម្ងឺកូវីដ-១៩ សែនសុខ ១ មានគ្រែចំនួន ១០១០ គ្រែ ក្នុងនោះ ICU មានចំនួន ២០ គ្រែ គឺ ICU កម្រិតស្រាលមិនមែនធ្ងន់ទេ យើងមានអុកស៊ីសែនជួយបានល្មមៗ តែបើគាត់ធ្ងន់គឺត្រូវទៅព្យាបាលនៅសែនសុខ ២»។
បន្ថែមលើសពីនេះ លោកវេជ្ជបណ្ឌិត បានបញ្ជាក់ថា គិតត្រឹមថ្ងៃទី ០៨ ខែកញ្ញា ឆ្នាំ ២០២១ នៅទីតាំងមណ្ឌលព្យាបាលខាងលើ មានក្រុមគ្រូពេទ្យ និង ក្រុមបម្រើការងារសេវាកម្មផ្សេងៗ ចំនួន ១៣៨ នាក់ និង ទទួលបានការព្យាបាលអ្នកដែលកើតជំងឺកូវីដ-១៩ មានចំនួនសរុបជិត ១ ម៉ឺននាក់ហើយ។ គួរឱ្យដឹងផងដែរថា មណ្ឌលថែទាំជំងឺកូវីដ-១៩ នេះ បានបើកទទួលព្យាបាលអ្នកជំងឺកូវីដ-១៩ ទាំងកុមារទាំងយុវវ័យ និង ចាស់ជរា នៅថ្ងៃទី ២២ ខែមេសា ឆ្នាំ ២០២១ ហើយក៏មានអ្នកជំងឺប្រភេទអាល់ហ្វាផងដែរ៕
ប្រភព ៖ ក្រសួងព័ត៌មាន