ច្រើនណាស់! រកឃើញអ្នកឆ្លងកូវីដ «Delta» ជាង ៤០០ នាក់ ត្រឹម ៤៨ ម៉ោងចុងក្រោយ
ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ ២០២១ នេះ បានចេញសេចក្ដីប្រកាសឱ្យបានដឹងថា យោងតាមលទ្ធផលនៃការធ្វើវិភាគ ដោយមន្ទីរពិសោធតាំងពីថ្ងៃទី ៣១ ខែមីនា រហូតមកដល់ថ្ងៃទី ០៩ ខែកញ្ញា ឆ្នាំ ២០២១ នៅកម្ពុជា បានរកឃើញករណីវីរុសកូវីដ-១៩ បំប្លែងថ្មី B.1.617.2 (Delta) សរុបទាំងអស់ចំនួន ៣៧៣១ នាក់ (ស្រ្តី ១៩០៤ នាក់)។
ក្នុងនោះ ក្រសួងក៏បានប្រកាសឱ្យដឹងផងដែរថា ត្រឹមរយៈពេល ២ ថ្ងៃចុងក្រោយ គឺថ្ងៃទី ០៨ ខែកញ្ញា និងថ្ងៃទី ០៩ ខែកញ្ញា ឆ្នាំ ២០២១ ក្រុមគ្រូពេទ្យបានវិភាគសំណាករកឃើញអ្នកឆ្លងកូវីដ-១៩ ប្រភេទដែលតា សរុបចំនួន ៤០៨ ករណី នៅកម្ពុជា។
ជាក់ស្ដែងគឺ ៖
– នៅថ្ងៃទី ០៨ ខែកញ្ញា ឆ្នាំ ២០២១ រកឃើញអ្នកផ្ទុកកូវីដ-១៩ បំប្លែងថ្មីប្រភេទ «Delta» សរុបចំនួន ១៥៦ នាក់
– នៅថ្ងៃទី ០៩ ខែកញ្ញា ឆ្នាំ ២០២១ រកឃើញអ្នកផ្ទុកកូវីដ-១៩ បំប្លែងថ្មីប្រភេទ «Delta» សរុបចំនួន ២៥២ នាក់
គួរឱ្យដឹងផងដែរថា រហូតមកទល់ពេលនេះ កម្ពុជា បានរកឃើញករណីវីរុសកូវីដ-១៩ បំប្លែងថ្មី B.1.617.2 (Delta) លើអ្នកដំណើរមកពីបរទេសតាមជើងហោះហើរ ពលករខ្មែរត្រឡប់ពីប្រទេសថៃ ពីប្រទេសវៀតណាម ប្រជាជនអ្នកភូមិនៅក្នុងសហគមន៍ ក្រុមហ៊ុនឯកជន បុគ្គលិកសុខាភិបាល អាជីវករ មន្ត្រីរាជការ យោធា ពិរុទ្ធជន អ្នកបកប្រែភាសា ជនជាតិបរទេស បុគ្គលិករោងចក្រកាត់ដេរ បុគ្គលិកធនាគារ ដូនជីនៅវត្ត និង សិស្ស សរុបទាំងអស់ចំនួន ៣៧៣១ នាក់ ហើយបានប៉ះពាល់ដល់ ២៤ រាជធានី-ខេត្ត លើកលែងតែខេត្ត ១ ប៉ុណ្ណោះ គឺ ខេត្តកែប ដែលនៅមិនទាន់រកឃើញករណីដែលតានៅឡើយ៕
សូមអានសេចក្ដីលម្អិតនៅខាងក្រោម ៖