កុំមើលស្រាល! គ្រូពេទ្យម្នាក់បង្ហាញពីភាពកាចសាហាវជំងឺកូវីដ-១៩ អាចឆក់ជីវិតត្រឹមមួយប៉ប្រិចភ្នែក
ជំងឺកូវីដ-១៩ បានផ្ទុះរីករាលដាលឡើងនៅកម្ពុជា បង្កឱ្យមានចំនួនអ្នកឆ្លងកើនជាបន្តបន្ទាប់ ។ ចាប់តាំងពីព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ បានផ្ទុះរាតត្បាតឡើងនៅតាមទីប្រជុំជននានា វាបានបណ្តាលឱ្យមានអ្នកឆ្លង និង អ្នកស្លាប់ជាបន្តបន្ទាប់ ក្នុងនោះរួមទាំងមនុស្សមួយចំនួន ដែលមិនសូវមានការប្រុងប្រយ័ត្នចំពោះជំងឺកូវីដ-១៩ ផងដែរ ។
ជាមួយគ្នានេះដែរ បើតាមការឱ្យដឹងពីគណនីហ្វេសប៊ុកមួយឈ្មោះ Shin Rathvitou ត្រូវបានស្គាល់ថាជាវេជ្ជបណ្ឌិតផ្នែកសង្គ្រោះបន្ទាន់មួយរូប បានបង្ហោះសារឱ្យប្រជាពលរដ្ឋមានការប្រុងប្រយ័ត្នខ្ពស់ កុំធ្វេសប្រហែស ហើយកុំគិតថាជំងឺកូវីដ-១៩ គ្រាន់តែជាជំងឺផ្តាសាយធម្មតា ប៉ុន្តែវាអាចឆក់យកអាយុជីវិតរបស់មនុស្សយ៉ាងសាហាវលឿនមួយរំពេចន៍ ។
បើតាមគណនីខាងលើដដែលបានបញ្ជាក់ឱ្យដឹងថា «នេះជាទិដ្ឋភាពដែលមនុស្សមួយចំនួនគិតថាជំងឺកូវីដ-១៩ គ្រាន់តែជាជំងឺផ្តាសាយ ។ ជំងឺកូវីដ-១៩ គ្មានស្អីផង មិនដែលឃើញអ្នកណាស្លាប់នឹងមុខផង ។ តែនេះគឺជាភាពពិតរបស់ជំងឺកូវីដ-១៩ ដែលក្នុងអាគារ ICU ។ អ្នកនឹងមិនឃើញថាពួកគាត់ពិបាកយ៉ាងណានៅពេលដែលជំងឺកូវីដ-១៩ រាតត្បាតចូលខ្លួនរបស់ពួកគាត់ មិនឃើញភាពកាចសាហាវរបស់វានោះទេ ដែលមួយប៉ប្រិចភ្នែកអាចឆក់យកជីវិត» ៕