ប្រេស៊ីល ឈរលំដាប់លេខ ២ មានអ្នកស្លាប់ដោយសារកូវីដ ឡើងដល់កន្លះលាននាក់
កាលពីថ្ងៃទី ១៩ មិថុនា ឆ្នាំ ២០២១ កន្លងទៅនេះ យោងតាមប្រភពព័ត៌មានបានឱ្យដឹងថា ចំនួនករណីស្លាប់សរុបដោយកូវីដ ១៩ នៅប្រទេសប្រេស៊ីល បានកើនដល់ជាងកន្លះលានករណីហើយ ដែលជាហេតុធ្វើឱ្យប្រទេសមួយនេះ ក្លាយជាប្រទេសដែលមានចំនួនអ្នកសា្លប់ច្រើនជាងគេលំដាប់លេខរៀងទី ២ លើពិភពលោក និង ខ្ពស់ជាងគេក្នុងអាមេរិកឡាទីន ។
អ្នកជំនាញពាក់ព័ន្ធ ក៏បានព្រមានដែរថា ការរាតត្បាតមួយនេះ អាចនឹងមានសភាពកាន់តែពិបាកនឹងស្រោចស្រង់ ព្រោះតែការពន្យាការចាក់វ៉ាក់សាំង ក៏ដូចជាការបដិសេធរបស់រដ្ឋាភិបាល ក្នុងការត្រលប់មកចាត់វិធានការណ៍រក្សាគម្លាតម្តងទៀត។
ដោយឡែក នៅក្នុងប្រទេសអ្នកមានមួយនេះ មានប្រជាជនប្រមាណតែ ១១ ភាគរយប៉ុណ្ណោះ ដែលបានការចាក់វ៉ាក់សាំងរួចរាល់ ហើយគេប្រមើលឃើញថា ដោយសារការវាយលុកដ៏ខ្លាំងក្លាពីសំណាក់មេរោគបំប្លែងខ្លួនថ្មី ព្រមទាំងរដូវរងារជិតឈានចូលមកទៀតនោះ វានឹងអាចធ្វើឱ្យប្រេស៊ីល កាន់តែផុងខ្លួនជ្រៅក្នុងស្ថានភាពកាន់តែលំបាក។
បើតាមក្រសួងសុខាភិបាលនៃប្រទេសប្រេស៊ីលបានឱ្យដឹងថា កាលពីសប្ដាហ៍មុន មានករណីឆ្លងសរុបរហូតដល់ ១៧ ៨៨៣ ៧៥០ ករណី និង មានអ្នកស្លាប់ជាមធ្យមប្រចាំថ្ងៃប្រមាណជាង ២ ០០០ ករណីស្ទើររៀងរាល់ថ្ងៃ ដែលវាធ្វើឱ្យចំនួនករណីស្លាប់សរុបកើនឡើងដល់ទៅជាង ៥០០ ៨០០ ករណី។ បច្ចុប្បន្ន ចំនួនអ្នកស្លាប់នៅក្នុងប្រទេសប្រេស៊ីល បានឈរនៅលំដាប់លេខរៀងទី ២ បន្ទាប់ពីសហរដ្ឋអាមេរិក៕
ប្រភព៖ BBC