ចូលរួមត្រេកអរ! ក្រុមគ្រូពេទ្យ សម្រាលកូនជូនអ្នកកើតកូវីដ-១៩ បានជោគជ័យ ជាករណីដំបូងនៅពេទ្យកោះកុង
នៅយប់ថ្ងៃទី ១៦ ខែមិថុនា ឆ្នាំ ២០២១ ក្រុមគ្រូពេទ្យផ្នែកសម្ភព នៃមន្ទីរពេទ្យខេត្តកោះកុង បានសហការគ្នា ជួយសម្រាលកូនឱ្យស្រ្តីវិជ្ជមានកូវីដ-១៩ ម្នាក់ ដែលជាករណីទី ១ ក្នុងខេត្ត បានដោយជោគជ័យ ។
គួរឱ្យដឹងផងដែរថា ការសម្រាលប្រកបដោយសុវត្ថិភាពនេះ ដោយសារតែមានការយកចិត្តទុកដាក់ ពីលោកប្រធានមន្ទីរពេទ្យ និង ថ្នាក់ដឹកនាំដែលមានចក្ខុវិស័យវែងឆ្ងាយ និង ផែនការច្បាស់លាស់ ដោយបានរៀបចំត្រៀមមុនជាស្រេច នូវបន្ទប់សម្រាលដាច់ដោយឡែក និង បន្ទប់វះកាត់ដាច់ដោយឡែក សម្រាប់អ្នកដែលមានជំងឺឆ្លងតាមផ្លូវដង្ហើម ជាពិសេសជំងឺកូវីដ-១៩ ដែលត្រូវសម្រាលកូន ឬជំងឺត្រូវវះកាត់បន្ទាន់ផ្សេងៗ ទើបធ្វើឱ្យការងារនេះ បានទទួលជោគជ័យជាស្ថាពរ ។
ក្នុងនោះ មហាជនបានថ្លែងអំណរគុណចំពោះក្រុមគ្រូពេទ្យ ផ្នែកសម្ភព ដែលបានខិតខំប្រឹងប្រែង បំពេញកាតព្វកិច្ចរហូតទទួលបានជោគជ័យ ប្រកបដោយឆន្ទ: និង ការទទួលខុសត្រូវខ្ពស់ ទោះជាត្រូវប៉ះពាល់ប្រឈមរាប់ម៉ោង ទៅនឹងជំងឺដែលគ្រប់គ្នាខ្លាចរអាយ៉ាងណាក៏ដោយ ៕