ស្លុតចិត្ត! ក្រោយទទួលមរណភាព សពលោកយាយទេវនាដនិម្មិត ឯម ធាយ ស្រាប់តែតេស្តឃើញវិជ្ជមានកូវីដ-១៩
លោកយាយ ឯម ធាយ ត្រូវបានមហាជនខ្មែរស្គាលថាជានាដការីពីសង្គមដែលមានវ័យចំណាស់តាំងពីសម័យដើមមក ដែលកាលពីខែកុម្ភៈ ឆ្នាំ ២០២១ កន្លងទៅ នាដការីរូបនេះ បានជួបគ្រោះរអិលដួលក្នុងបន្ទប់ទឹក បណ្ដាលឱ្យលោកយាយមានបញ្ហាឈឺចង្កេះ និង ប៉ះពាល់ដល់តម្រងនោម ដោយសារតែការទទួលទានថ្នាំបំបាត់ការឈឺចាប់ចង្កេះ ។
យ៉ាងណាមិញ ជារឿងដ៏សោកសៅមួយ ដោយនៅថ្ងៃទី ១៥ ខែមិថុនា ឆ្នាំ ២០២១ នេះ ស្រាប់តែលេចដំណឹងដ៏គួរឱ្យសោកស្តាយថា លោកយាយទេវនាដនិម្មិត ឯម ធាយ បានទទួលមរណភាពទៅហើយ ក្នុងជន្មាយុ ៨៨ ឆ្នាំ ដោយជរាពាធ នៅវេលាម៉ោង ១២ និង ២០ នាទីរំលងអាធ្រាត្រ ។
ជុំវិញការបាត់បង់ជីវិតរបស់នាដការីដ៏ចំណាស់រូបនេះ បើយោងតាមទំព័រហ្វេសប៊ុកផេក សាលាសង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅរាជធានីភ្នំពេញ ដែលបង្ហោះនៅថ្ងៃទី ១៥ ខែមិថុនា ឆ្នាំ ២០២១ មុននេះបន្តិច បានឱ្យដឹងថា សពលោកយាយទេវនាដនិម្មិត ឯម ធាយ ដែលស្ថិតនៅផ្ទះលេខ ៤៦ ផ្លូវបេតុង ភូមិព្រះពន្លា សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ ស្រាប់តែបានតេស្តឃើញមានវិជ្ជមានកូវីដ-១៩ ធ្វើឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ។
ទំព័រហ្វេសប៊ុកផេក សាលាសង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅរាជធានីភ្នំពេញ បានបង្ហោះថា «នៅថ្ងៃទី ១៥ ខែមិថុនា ឆ្នាំ ២០២១ វេលាម៉ោង ៩ និង ០០ នាទីព្រឹក ក្រុមគ្រូពេទ្យបង្អែកច្បារអំពៅ សហការជាមួយអាជ្ញាធរសង្កាត់ ភូមិ បានចុះមកយកសំណាក សពលោកយាយឈ្មោះ ឯម ធាយ ភេទស្រី អាយុ ៨៦ ឆ្នាំ ពិនិត្យឃើញថា វិជ្ជមានកូវីដ-១៩ លោកយាយស្ថិតនៅផ្ទះលេខ ៤៦ ផ្លូវបេតុង ភូមិព្រះពន្លា សង្កាត់ព្រែកប្រាខណ្ឌច្បារអំពៅ» ។
គួរបញ្ជាក់ផងដែរថា លោកយាយ ឯម ធាយ ត្រូវបានផ្ដល់គោរមងារកិត្តិយសជា ទេវនាដនិម្មិត ឯម ធាយ មរតកមនុស្សរស់ ថ្នាក់ជាតិ ឯកទេសរបាំក្បាច់បុរាណខ្មែរ ដោយសារតែស្នាដៃជាច្រើនរបស់លោកយាយ ក្នុងការលើកស្ទួយវប្បធម៌ ប្រពៃណីជាតិ ជាពិសេសរបាំបុរាណខ្មែរ ។ ចំពោះពិធីបុណ្យសពរបស់លោកយាយទេវនាដនិម្មិត ឯម ធាយ នឹងរៀបចំបែបណានោះ នៅមិនទាន់មានផ្តល់ដំណឹងជូនពីក្រុមគ្រួសារនៅឡើយទេ ៕