មិនចេះជិត! បុរសម្នាក់ជិះឡានឈ្នួល ចេញពីភ្នំពេញ ទៅរកឃើញកើតកូវីដ-១៩ នៅខេត្តរតនគិរី
រដ្ឋបាលខេត្តរតនគិរី នៅថ្ងៃទី ១១ ខែមិថុនា ឆ្នាំ ២០២១ នេះ បានផ្ដល់ព័ត៌មានស្តីពីករណីរកឃើញអ្នកវិជ្ជមានកូវីដ-១៩ ចំនួន ០១ នាក់ ក្នុងថ្ងៃទី ១០ ខែមិថុនា ឆ្នាំ ២០២១ នៅចំណុចព្រំប្រទល់ខេត្តរតនគិរី និង ខេត្តស្ទឹងត្រែង (ស្ពានស្រែពក) ។
អ្នកដែលរកឃើញវិជ្ជមានកូវីដខាងលើ មានឈ្មោះ តុប វណ្ណណេត ភេទប្រុស ជនជាតិខ្មែរ អាយុ ២៥ ឆ្នាំ មុខរបរជាងដែក ទីលំនៅអចិន្ត្រៃយ៍ ភូមិព្រៃសំពៅ ឃុំប្រសិទ្ធ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ។ អ្នកជំងឺរូបនេះ បានចេញពីស្រុកកំណើត មកស្នាក់នៅផ្ទះថៅកែផ្សាដែក យីហោជាងលាភ នៅម្តុំបែកចាន រាជធានីភ្នំពេញ កាលពីថ្ងៃទី ០៩ ខែមិថុនា ឆ្នាំ ២០២១ ។ លុះដល់ថ្ងៃទី ១០ ខែមិថុនា ឆ្នាំ ២០២១ បានធ្វើដំណើរតាមរថយន្តឈ្នួលដឹកអ្នកដំណើរពីភ្នំពេញមកខេត្តរតនគិរី តាមរថយន្តម៉ាក FORD និង បានមកដល់ចំណុចត្រួតពិនិត្យបឋមស្ពានស្រែពក ព្រំប្រទល់ខេត្តរតនគិរី-ស្ទឹងត្រែង ស្រាប់តែធ្វើតេស្តចេញលទ្ធផលវិជ្ជមានកូវីដតែម្ដង ចំណែកឯអ្នករួមដំណើរ ១០ នាក់ទៀត គឺអវិជ្ជមាន ។
បច្ចុប្បន្នអ្នកវិជ្ជមាន និង អ្នកពាក់ព័ន្ធត្រូវបានបញ្ជូនទៅព្យាបាល និង ធ្វើចត្តាឡីស័កនៅវិទ្យាល័យ ត្រពាំងក្រហម ស្ថិតនៅភូមិ ៣ ឃុំត្រពាំងក្រហម ស្រុកកូនមុំ ខេត្តរតនគិរី ។ សូមបញ្ជាក់ផងដែរថា បច្ចុប្បន្ននៅក្នុងខេត្តរតនគិរី បានរកឃើញអ្នកវិជ្ជមានកូវី៨-១៩ ចំនួន ២៥ នាក់ ស្រ្តី ០៧ នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយចំនួន ០៨ នាក់ និង កំពុងសម្រាកព្យាបាលចំនួន ១៧ នាក់ ៕
សូមអានសេចក្ដីលម្អិតនៅខាងក្រោម ៖