បន្ទាន់ណាស់! ភូមិចំនួន ៤ នៃសង្កាត់ស្រង៉ែ ក្រុងសៀមរាប ត្រូវកំណត់ជា «តំបន់ក្រហម» មានអ្នកពាក់ព័ន្ធដូចត្រីជាប់មង
នៅថ្ងៃទី ១០ ខែឧសភា ឆ្នាំ ២០២១ នេះ តាមរយៈរដ្ឋបាលខេត្តសៀមរាប បានជូនដំណឹងថា គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បានសម្រេចកំណត់ភូមិរការធំ ភូមិព្រៃធំ ភូមិចន្លោង និង ភូមិស្រង៉ែ នៃសង្កាត់ស្រង៉ែ ក្រុងសៀមរាប ខេត្តសៀមរាប ជា «តំបន់ក្រហម» ។
ការសម្រេចនេះ ធ្វើឡើងបន្ទាប់ពីរកឃើញមេរោគកូវីដ-១៩ ទៅលើសពឈ្មោះ ឃន់ ឃាន ភេទប្រុស អាយុ ៥៦ ឆ្នាំ អាសយដ្ឋាននៅភូមិព្រៃធំ សង្កាត់ស្រង៉ែ ក្រុងសៀមរាប ដែលបានទទួលមរណភាព នៅព្រឹកថ្ងៃទី ១០ ខែមិថុនា ឆ្នាំ ២០២១ ហើយករណីនេះ មានការទាក់ទងស្មុគស្មាញ ជាមួយប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់នេះ ។
លុះនៅរសៀលនេះ ករណីឈ្មោះ ឃាន សុឃួច ភេទប្រុស អាយុ ៣២ ឆ្នាំ ត្រូវជាកូនរបស់ ឈ្មោះ ឃន់ ឃាន ដែលបម្រើការងារជាបុគ្គលិកបើកបររថយន្តនៅធនាគារអេស៊ីលីដាសាខាសូទ្រនិគម និង ភរិយា ត្រូវបានរកឃើញវិជ្ជមានមេរោគកូវីដ-១៩ ។ ខាងក្រោមនេះជាទីតាំងដែលឈ្មោះ ឃាន សុឃួច បានបញ្ជាក់ បន្ទាប់ពីរកឃើញវិជ្ជមានកូវីដ-១៩ រួមមាន ៖
* ថ្ងៃទី ៣១-ឧសភា-២០២១ បាននាំគ្នាទៅហូបបាយជាមួយមិត្តភ័ក្រ្តចំនួន ០៦ នាក់ នៅហាងពិភពធម្មជាតិ និង បានជួបជាមួយបុគ្គលិកហាង ៦ នាក់ ដែលលើកម្ហូបនិងបាយទឹក ។
* ថ្ងៃទី ០២-មិថុនា-២០២១ ពេលព្រឹកបានបើករថយន្តជូនឈ្មោះ យួម ស៊ីណាត និង ឈ្មោះ រ៉ុង ធីរ៉ាត់ (វិជ្ជមានជំងឺកូវីដ-១៩) ទៅធនាគារជាតិនៃកម្ពុជាសាខាខេត្តសៀមរាប នៅជិតផ្សារចាស់ ពេលមកដល់ឈ្មោះ ឃាន សុឃួច បានជួយលើកកេសឯកសារ ចូលទៅក្នុងធនាគារមួយភ្លែត ហើយចេញមកអង្គុយចាំអ្នកទាំងពីរនាក់ ក្នុងរថយន្តវិញ ។
* ថ្ងៃទី ០៣-មិថុនា-២០២១ ពេលព្រឹកធ្វើការនៅធនាគារ ហើយពេលល្ងាចត្រឡប់មកផ្ទះ នៅភូមិព្រៃធំ សង្កាត់ស្រង៉ែ ដើម្បីមកមើលឪពុកឈឺ ហើយក៏បានស្នាក់នៅជុំគ្នាជាមួយក្រុមគ្រួសារ ។
* ថ្ងៃទី ០៥-មិថុនា-២០២១ ពេលព្រឹកបានមកហូបលតឆា នៅខាងក្រោយមន្ទីរប្រៃសណីយ៍ និង ទូរគមនាគមន៍ខេត្ត រយៈពេល ១០ នាទី រួចបានចេញទៅតារាងបាល់ទះឈ្មោះ ឆាន់ នី នៅភូមិគោកដូង សង្កាត់ទឹកវិល លេងបាល់រយៈពេល ០២ ម៉ោង ជាមួយដៃគូលេងបាល់ចំនួន ០៧ នាក់ផ្សេងទៀតបន្ទាប់មកក៏បានត្រឡប់ទៅផ្ទះវិញ ។
* ថ្ងៃទី ០៧-មិថុនា-២០២១ ពេលល្ងាចបានរៀបចំសូត្រមន្តឲ្យឪពុកនៅផ្ទះ ដោយមានអ្នកចូលរួមប្រហែលជាង ១០ នាក់ ប៉ុន្តែឈ្មោះ ឃាន សុឃួច និង ឈ្មោះ អឿម សុផាន់ណា មិនបានចូលរួមទេ ដោយសារមានអាការមិនស្រួលខ្លួន ។
* ថ្ងៃទី ០៩-មិថុនា-២០២១ ពេលព្រឹក បានទៅទិញថ្នាំ នៅឱសថស្ថានសុវណ្ណវីរៈសិទ្ធ (មិនបានចូលក្នុង) ហើយត្រឡប់ទៅផ្ទះវិញ ។ បន្ទាប់មកបានជិះម៉ូតូមកយកសំណាកជាមួយប្រពន្ធ ដើម្បីធ្វើតេស្តស្រាវជ្រាវរកមេរោគកូវីដ-១៩ និង ទទួលបានលទ្ធផលវិជ្ជមានទាំង ០២ នាក់ ។
រដ្ឋបាលខេត្តសៀមរាប ក៏បាលអំពាវនាវទៅដល់ប្រជាពលរដ្ឋ ដែលបានពាក់ព័ន្ធដោយផ្ទាល់ ឬ ដោយប្រយោល ជាមួយអ្នកវិជ្ជមានខាងលើ ឬ ទីតាំងដែលអ្នកវិជ្ជមានបានមានទំនាក់ទំនងចាប់ពីកាលបរិច្ចេទនៃទីតាំងនីមួយៗ សូមរួសរាន់ធ្វើចត្តាឡីស័កតាមផ្ទះក្នុងក្រុមគ្រួសាររៀងៗខ្លួនឱ្យបានគ្រប់ ១៤ ថ្ងៃ ដោយមិនត្រូវពាក់ព័ន្ធ និង ប៉ះពាល់ជាមួយអ្នកដទៃជាដាច់ខាត ក្នុងករណីមិនអនុវត្តកាតព្វកិច្ចចត្តាឡីស័ក រដ្ឋបាលខេត្តនឹងចាត់វិធានការផ្លូវច្បាប់ចំពោះបុគ្គលទាំងឡាយណាដែលលើ្មសនឹងវិធានសុខាភិបាលនេះ ៕
សូមអានសចក្តីប្រកាស និង ទស្សនាផែនទីខាងក្រោម ៖