ព្រះអើយ! ដំរីជាច្រើនក្បាលនៅឥណ្ឌា ត្រូវធ្វើតេស្តបន្ទាន់ បន្ទាប់ពីតោមួយក្បាលស្លាប់ដោយសារកូវីដ
បើតាមមន្ត្រីប្រចាំតំបន់បានឱ្យដឹងថា នៅថ្ងៃទី ៩ មិថុនា ឆ្នាំ ២០២១ កន្លងទៅនេះ មានសត្វដំរីជាង ២៨ ក្បាល នៅក្នុងព្រៃអភិរក្សមួយកន្លែងនាភាគខាងត្បូងនៃប្រទេសឥណ្ឌា ត្រូវបានគេចាប់ធ្វើសំណាកជាបន្តបន្ទាប់ ក្រោយពីមានតោពូជកម្រមួយក្បាលបានស្លាប់ដោយសារជំងឺកូវីដ-១៩។
ដោយឡែក តាមព័ត៌មានក្នុងស្រុក តោអាយុ ៩ ឆ្នាំមួយក្បាលនេះ គឺជាសត្វដំបូងបង្អស់នៅឥណ្ឌាដែលបានស្លាប់ដោយជំងឺកូវីដ តាំងពីដើមខែមិថុនា នៅសួនសត្វ Chennai រដ្ឋ Tamil Nadu។
អ្នកអនុរក្សសត្វព្រៃបានឱ្យដឹងថាមានសត្វតោស្លាប់ភ្លាម លោកក៏បានស្នើរសុំឱ្យគេចុះមកធ្វើសំណាកពួកហ្វូងដំរីតែម្តង ដើម្បីជាការការពារទុកជាមុន។ ហើយសំណាកទាំងអស់នោះ ត្រូវបានគេបញ្ជូនទៅធ្វើការពិនិត្យនៅមន្ទីរសោធន៍នៅរដ្ឋ Uttar Pradesh រួចរាល់ហើយ នៅរង់ចាំតែលទ្ធផលដែលនឹងមកដល់នាសប្តាហ៍ក្រោយនេះប៉ុណ្ណោះ។
យ៉ាងណាមិញ សត្វខ្លា ២១ ក្បាលផ្សេងទៀតនៅសួនសត្វភាគខាងកើតប្រទេសនេះ ក៏ត្រូវបានគេធ្វើការយកសំណាកផងដែរកាលពីសប្តាហ៍មុននេះ ព្រោះតែមានសត្វខ្លាអាយុ ១០ ឆ្នាំមួយក្បាលបានងាប់ដោយសារឡើងកម្តៅខ្លាំង តែពួកវាសុទ្ធតែទទួលលទ្ធផលតេស្ដអវិជ្ជមានទាំងអស់៕
ប្រភព៖ CNA