វិធានការ ៣ ចំណុច ទប់ស្កាត់ការឆ្លងកូវីដ តាមមណ្ឌលអប់រំកែប្រែ និង ពន្ធនាគាររាជធានី-ខេត្ត
នៅថ្ងៃទី ៩ ខែមិថុនា ឆ្នាំ ២០២១ នេះ តាមរយៈឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សម្ដេចក្រឡាហោម ស ខេង បានធ្វើការណែនាំទៅកាន់ ឯកឧត្តម លោកជំទាវ អភិបាលនៃគណៈអភិបាលរាជធានី-ខេត្ត ស្តីអំពីការចាត់វិធានការបង្ការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ នៅតាមមណ្ឌលអប់រំកែប្រែ និង ពន្ធនាគាររាជធានី-ខេត្ត ។
សម្ដេចក្រឡាហោម បានមានប្រសាសន៍ថា ជំងឺកូវីដ-១៩ បាននឹងកំពុងឆ្លងចូលក្នុងមណ្ឌលអប់រំកែប្រែ និង ពន្ធនាគាររាជធានី-ខេត្តមួយចំនួន តាមរយៈការរកឃើញករណីវិជ្ជមានជំងឺលើមន្ត្រីអនុរក្សពន្ធនាគារ និង ជនជាប់ឃុំមួយចំនួន ។ ក្នុងន័យឆ្លើយតបទៅនឹងសភាពការណ៍នេះ ក្រសួងមហាផ្ទៃ បានដាក់ចេញការអនុវត្តវិធានការសំខាន់ៗដូចខាងក្រោម ៖
១-ចំពោះមណ្ឌលអប់រំកែប្រែ និង ពន្ធនាគាររាជធានី ខេត្ត ដែលបានរកឃើញករណីវិជ្ជមានជំងឺកូវីដ-១៩ អភិបាលរាជធានី ខេត្តពាក់ព័ន្ធ ត្រូវយកចិត្តទុកដាក់ដឹកនាំសម្របសម្រួលជាមួយមន្ទីរសុខាភិបាល និង មន្ទីរ អង្គភាពពាក់ព័ន្ធ ផ្តល់ការគាំទ្រដល់អគ្គនាយកដ្ឋានពន្ធនាគារ និង មណ្ឌលអប់រំកែប្រែ ព្រមទាំង ពន្ធនាគារទាំងនោះ ក្នុងការគ្រប់គ្រងចាត់ចែងព្យាបាលអ្នកវិជ្ជមានជំងឺកូវីដ-១៩ និង ការពង្រឹងការអនុវត្ត វិធានការសុខាភិបាលនៅតាមមណ្ឌលអប់រំកែប្រែ និង ពន្ធនាគារទាំងនោះ ដើម្បីបង្ការទប់ស្កាត់ការឆ្លងរាលដាល បន្ថែមទៀតនូវជំងឺនេះមកលើមន្ត្រីអនុរក្សពន្ធនាគារ និង ជនជាប់ឃុំ ព្រមទាំងបង្កើនការរក្សាសន្តិសុខ និង សុវត្ថិភាពនៅតាមមណ្ឌលអប់រំកែប្រែ និង ពន្ធនាគារទាំងនោះឱ្យបានល្អ ។
២-ចំពោះមណ្ឌលអប់រំកែប្រែ និង ពន្ធនាគារខេត្ត ដែលមិនទាន់មានការឆ្លងជំងឺកូវីដ-១៩ ត្រូវពង្រឹង ការអនុវត្តវិធានការសុខាភិបាល ការធ្វើអនាម័យជាប្រចាំនៅតាមទីកន្លែងបំពេញការងារ និង តាមបន្ទប់ឃុំឃាំងនានា ការពាក់ម៉ាស ការលាងសំអាតដៃដោយសាប៊ូ ទឹកអាល់កុល ឬ អាល់កុលដែល ការវាស់កំដៅលើមន្ត្រី អនុរក្សពន្ធនាគារ និង ជនជាប់ឃុំ ព្រមទាំងត្រួតពិនិត្យសុខភាពអ្នកដែលបានអនុញ្ញាតឱ្យចេញ-ចូលក្នុងពន្ធនាគារ តាមគោលការណ៍កំណត់ សំដៅបង្ការទប់ស្កាត់ការចម្លងជំងឺកូវីដ-១៩ ចូលក្នុងមណ្ឌលអប់រំកែប្រែ និង ពន្ធនាគារ ទាំងនោះ ។ ព្រមជាមួយនេះ ត្រូវបង្កើនការយកចិត្តទុកដាក់ដល់ការរក្សាសន្តិសុខ និង សុវត្ថិភាពនៅតាមមណ្ឌល អប់រំកែប្រែ និង ពន្ធនាគារទាំងនោះឱ្យបានល្អ ។
៣-ក្នុងករណីមានការឆ្លងជំងឺកូវីដ-១៩ នៅមណ្ឌលអប់រំកែប្រែ ឬ ពន្ធនាគារណាមួយ អភិបាល រាជធានី ខេត្ត ត្រូវសហការជួយធ្វើអន្តរាគមន៍ឆ្លើយតប និង ត្រូវរាយការណ៍ជាបន្ទាន់មកក្រសួងមហាផ្ទៃ ៕
សូមអានសេចក្តីជូនដំណឹងខាងក្រោម ៖
ប្រភព ៖ Samdech Krolahom Sar Kheng