នៅថ្ងៃទី ០១ ខែធ្នូ ឆ្នាំ ២០២៥ អំឡុងពេលនៃជំនួបពិភាក្សា ការងាររវាងឯកឧត្តម ទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីនកម្ពុជា និង លោក Gilles Carbonnier អនុប្រធានអង្គការកាកបាទក្រហមអន្តរជាតិ (ICRC) ក្នុងកិច្ចប្រជុំលើកទី ២២ នៃរដ្ឋភាគីអនុសញ្ញាអូតាវ៉ា នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស ឯកឧត្តម ទេសរដ្ឋមន្រ្តី លី ធុជ បានស្នើសុំឱ្យអង្គការកាកបាទក្រហមអន្តរជាតិ (ICRC) បន្តតាមដានសុខទុក្ខ របស់វីរកងទ័ពកម្ពុជាទាំង ១៨ រូប និង ជំរុញឱ្យថៃដោះលែងយោធិនកម្ពុជាទាំងអស់។

ឯកឧត្តមទេសរដ្ឋមន្ត្រី បានថ្លែងអំណរគុណដល់អង្គការកាកបាទក្រហមអន្តរជាតិ ដែលបានផ្តល់កិច្ចសហការ និង គាំទ្រដល់កម្ពុជា ក្នុងការទាមទារឱ្យដោះលែងវីរកងទ័ពកម្ពុជាទាំង ១៨ រូប ដែលត្រូវបានចាប់ខ្លួន និង ដាក់ឱ្យស្ថិតក្រោមការឃុំគ្រងដោយខុសច្បាប់ របស់យោធាថៃ។ ឯកឧត្តម ក៏បានស្នើដល់អង្គការកាកបាទក្រហមអន្តរជាតិ បន្តតាមដានសុខទុក្ខ របស់វីរកងទ័ពកម្ពុជាទាំង ១៨ រូប និង ជំរុញឱ្យថៃ ដោះលែងយោធិនកម្ពុជាទាំងអស់ ឱ្យបានឆាប់រហ័សជាទីបំផុត ដើម្បីពួកគាត់អាចត្រលប់មកជួបជុំក្រុមគ្រួសារវិញប្រកបដោយសុខសុវត្ថិភាព។ ជាការឆ្លើយតប លោក Gilles Carbonnier បានលើកឡើងថា អង្គការកាកបាទក្រហមអន្តរជាតិ នឹងបន្តតាមដានសុខទុក្ខរបស់វីរកងទ័ពកម្ពុជា និង សន្យាធ្វើការជាបន្តចំពោះបញ្ហានេះ ជាមួយគ្រប់ភាគីពាក់ព័ន្ធ។


សូមបញ្ជាក់ជូនថា នៅថ្ងៃទី ០២ ខែធ្នូ ឆ្នាំ ២០២៥ នេះ ជាថ្ងៃទី ១២៦ ហើយ ដែលវីរកងទ័ពកម្ពុជាចំនួន ១៨ រូប ត្រូវបានចាប់ខ្លួន និង ដាក់ឱ្យស្ថិតក្រោមការឃុំគ្រងរបស់យោធាថៃ។ កម្ពុជាអំពាវនាវឱ្យភាគីថៃគោរពឱ្យបានម៉ឺងម៉ាត់ ស្មោះត្រង់ និង ដោយសុច្ឆន្ទៈពិតប្រាកដ នូវសេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជា និង ថៃ ត្រង់កថាខណ្ឌទី ៥ បានគូសបញ្ជាក់ថា «ភាគីថៃត្រូវដោះលែងយោធិនទាំង ១៨ នាក់ របស់កម្ពុជាជាបន្ទាន់ដោយមិនបង្អែបង្អង់» ព្រមទាំងគោរព និង អនុវត្តនូវរាល់កាតព្វកិច្ចទាំងឡាយនៅក្រោមច្បាប់អន្តរជាតិ ជាពិសេសច្បាប់មនុស្សធម៌អន្តរជាតិ ដោយដោះលែងវីរកងទ័ពកម្ពុជាឱ្យបានឆាប់រហ័សជាទីបំផុត ដើម្បីពួកគាត់អាចវិលត្រឡប់មកជួបជុំក្រុមគ្រួសារវិញ ប្រកបដោយសុខសុវត្ថិភាព៕

ប្រភព ៖ ក្រសួងព័ត៌មាន