ការប្រឡងបាក់ឌុប ២ ថ្ងៃបានបញ្ចប់យ៉ាងរលូន ទាំងគ្រូទាំងសិស្សសប្បាយចិត្តគ្រប់គ្នា
រយៈពេល ២ ថ្ងៃនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ១៩ សីហា ២០១៩ បានដំណើរយ៉ាងរលូន និង មិនមានហេតុមិនប្រក្រតីណាមួយបង្កឱ្យមានដំណើរការប្រឡងត្រូវអាក់ខានគួរឱ្យកត់សម្គាល់នោះទេ ព្រោះបេក្ខជនបានគោរពតាមបទប្បញ្ញត្តិ នៃការប្រឡងយ៉ាងល្អ និង ស្ទើរតែពុំមាននាំមកជាប់ខ្លួននូវសំណៅឯកសារ ឬឧបករណ៍ហាមឃាត់ផ្សេងៗនោះឡើយ ។ នេះបើយោងការគេហទំព័រហ្វេសប៊ុករបស់ក្រសួងអប់រំ យុវជន និង កីឡា ។
ងាកទៅមើលមន្ត្រីអប់រំគ្រប់លំដាប់ថ្នាក់ សរុបប្រមាណ ២ ម៉ឺននាក់ និង គរុសិស្ស-និស្សិតជាជំនួយការអប្បមាទជិត ២ ៥០០ នាក់ និង សមត្ថកិច្ច ព្រមទាំងកងកម្លាំងរក្សាសណ្ដាប់ធ្លាប់ ក៏បានបំពេញតួនាទីយ៉ាងល្អប្រសើដើម្បីឱ្យការប្រឡងដំណើរការណ៍ទៅប្រកបដោយភាពជោគជ័យ ។ ថ្វីដ្បិតមិនទាន់ដឹងពីលទ្ធផលជាប់ ឬធ្លាប់ ប៉ុន្ដែបេក្ខជនភាគច្រើនដែលដើរចេញពីមណ្ឌលប្រឡង សុទ្ធតែមានទឹកមុខស្រស់បស់ សើចសប្បាយគ្រប់គ្នា ៕
ដោយ៖ បេប៊ី