១២ ឆ្នាំមានតែ ២ ថ្ងៃ គួរឱ្យស្ដាយដែលមកយឺត! ហ៊ឺ…បេក្ខជនម្នាក់មិនត្រូវបានអនុញ្ញាតឱ្យចូលប្រឡង ព្រោះមកយឺតម៉ោង !
ដំណើរការប្រឡងបាក់ឌុបទូទាំងប្រទេសនាព្រឹកនេះ តាមការឱ្យដឹងពីទំព័រហ្វេសប៊ុកក្រសួងបានឱ្យដឹងថា ដំណើរការប្រព្រឹត្តទៅដោយរលូន ទោះបីមានបេក្ខជនខ្លះមានអាការមិនស្រួលខ្លួន ប៉ុន្តែត្រូវបានសង្គ្រោះភ្លាមៗ និង បានចូលប្រឡងធម្មតាវិញ ក្រោយអាការបានធូរស្រាល ។
យ៉ាងណាមិញកាលពីព្រឹកមិញនេះដែរ បើតាមការឱ្យដឹង មានបេក្ខជនប្រឡងម្នាក់ជានារី ដែលត្រូវប្រឡងនៅមណ្ឌលវិទ្យាល័យ ១០ មករា ក្នុងខេត្តសៀមរាប មិនត្រូវបានសន្តិសុខអនុញ្ញាតឱ្យចូលមណ្ឌលប្រឡងឡើយ ដោយសារបេក្ខជនរូបនេះបានមកកាន់មណ្ឌលប្រឡងយឺតម៉ោង ។ បេក្ខជនដែលមកមណ្ឌលប្រឡងយឺតម៉ោងនោះ ត្រូវបានគេស្គាល់ឈ្មោះ ជា ចាន់ស្រីនាង ឆ្នាំកំណើត ០៨ កញ្ញា ១៩៩៩ មកពីវិទ្យាល័យអង្គរ ដោយរូបគេបានមកដល់មណ្ឌលប្រឡងនៅម៉ោង ០៨ និង ០០ នាទី ដែលជាម៉ោងត្រូវបិទទ្វារមណ្ឌលប្រឡង ពោលគឺបេក្ខនារីរូបនេះអាចប្រឈមនឹងធ្លាក់ស្វ័យប្រវត្តិ ។
ក្រោយមកកាន់មណ្ឌលប្រឡងយឺតម៉ោង បេក្ខជនប្រឡងជានារីរូបនោះ ត្រូវបានក្រុមការងារយុវជន ជូនត្រឡប់ទៅផ្ទះវិញ ដោយសុវត្ថិភាព ៕
ដោយ ៖ សាកល