សិស្សច្បងឆ្នាំមុនជួយប្រាប់ផង! ពេលណាក្រសួងចេញអក្ខរក្រមបេក្ខជន? ពេលនេះប្អូនៗអន្ទះសាខ្លាំង
បេក្ខជនប្រឡងមធ្យមសិក្សាទុតិភូមិឆ្នាំ ២០១៩ កំពុងមានការអន្ទះសាជាខ្លាំង រង់ចាំក្រសួងអប់រំចេញអក្ខរក្រមរបស់បេក្ខជន និង មណ្ឌលដែលពួកគេត្រូវប្រឡង ។ នៅលើទំព័រហ្វេសប៊ុកផេករបស់ក្រសួងអប់រំ មានសិស្សថ្នាក់ទី ១២ រាប់ពាន់នាក់បានចូល Comment សួរទៅកាន់ក្រសួងថា ពេលណាទើបចេញអក្ខរក្រម ? តាមរយៈការ Comment ជាច្រើនស្ទើរតែគ្រប់ការបង្ហោះរបស់ក្រសួង បង្ហាញពីអារម្មណ៍អន្ទះសារបស់ពួកគេជាខ្លាំង បេក្ខជនខ្លះថែមទាំងបានលើកឡើងថា ក្នុងមួយថ្ងៃ គេចូលទៅកាន់ផេកក្រសួងមិនតិចជាង ១០០ ដងទេ ។
មូលហេតុដែលនាំឱ្យបេក្ខជន នាំគ្នាសម្រុកចោទសួរក្រសួងបែបនេះ ព្រោះកាលពីថ្ងៃទី ០៩ សីហា ២០១៩ ក្រសួងថា នឹងបង្ហោះអក្ខរក្រមរបស់បេក្ខជន តែនៅមកដល់ពេលនេះនៅមិនទាន់ឃើញនៅឡើយទេ ។ ដូច្នេះប្រសិនបើសិស្សច្បងឆ្នាំចាស់ ធ្លាប់មានបទពិសោធន៍ជួយប្រាប់ប្អូនៗផង ។
សូមជម្រាបថា សម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំ ២០១៩ នេះ មានមណ្ឌលប្រឡងសរុប ២០២ មណ្ឌល ក្នុងនោះថ្នាក់វិទ្យាសាស្ត្រ ៧៥ មណ្ឌល និង វិទ្យាសាស្ត្រសង្គម ១២៧ មណ្ឌល មាន ៤៨០៩ បន្ទប់ បេក្ខជនប្រឡងសរុប ១១ ៩២១៧ នាក់ ស្រី ៦ ១០៣១ នាក់ ក្នុងនោះថ្នាក់វិទ្យាសាស្ត្រមានចំនួន ៤៥៤១៤ នាក់ ស្រី ២៥៥២៦ នាក់ និង ថ្នាក់វិទ្យាសាស្ត្រសង្គម ៧៣៨០៣ នាក់ ស្រី ៣៥៥០៥ នាក់ (ទិន្នន័យបណ្ដោះអាសន្ន) ៕
អត្ថបទ ៖ ថោ ច័ន្ទឬទ្ធិ