ជិតបាក់ឌុបហើយ! បើខ្សោយខ្មែរ ពង្រឹង ៥ ចំណុចនេះ ធានាធ្វើតែងសេចក្តីបានល្អ យកពិន្ទុបានធូរ
សម័យប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬ បាក់ឌុប ថ្ងៃទី ២១ ខែធ្នូ ឆ្នាំ ២០២០ កាន់តែខិតជិតចូលមកដល់នាពេលខាងមុខនេះ ។ តើប្អូនៗដែលជាបេក្ខជនប្រឡងទាំងអស់ត្រៀមខ្លួនយ៉ាងណាខ្លះហើយ ?
បាក់ឌុបពិតជាសំខាន់បំផុតក្នុងជីវិតអ្នកសិក្សា ដូច្នេះបេក្ខជនគ្រប់រូប មិនថាបេក្ខជនថ្នាក់វិទ្យាសាស្ត្រ ឬ ថ្នាក់សង្គមនោះទេ ត្រូវតែខំប្រឹង និង ត្រៀមខ្លួនក្នុងការប្រឡងថ្នាក់ជាតិមួយនេះដូចគ្នា ដូចជាការទន្ទេញមេរៀន និង ការអនុវត្តលំហាត់ ឬ សំណេរតែងសេចក្តី ជាដើម ដើម្បីទទួលបានលទ្ធផលល្អ ។ ថ្ងៃនេះ សម្រាប់ប្អូនៗដែលខ្សោយមុខវិជ្ជាភាសាខ្មែរ បើចង់បានពិន្ទុក្នុងមុខវិជ្ជាស្រួលនោះ ត្រូវចាប់ផ្តើមពង្រឹងពីឥលូវក៏មិនទាន់ហួសពេលដែរ ដោយយើងនឹងបង្ហាញពីគន្លឹះសំខាន់មួយចំនួនក្នុងការសរសេរសំណេរតែងសេចក្តីរបស់ប្អូនៗបានល្អ និង ទទួលបានពិន្ទុខ្ពស់ ។ តោះមកតាមដានទាំងអស់គ្នា ៖
១- ពិនិត្យមើលប្រធានឱ្យបានច្បាស់
មានប្រធានតែងសេចក្តីជាច្រើនប្រភេទដែលបេក្ខជនប្រឡងគួរតែដឹង និង ចងចាំទុក ដែលមានដូនជា ប្រធានតែងសេចក្តីបែបពន្យល់ បែបប្រៀបធៀប បែបពិភាក្សា និង បែបពិភាក្សាប្រៀបធៀប ជាដើម ។ ដូច្នេះត្រូវពិនិត្យមើលឱ្យច្បាស់ថាតើប្រធានដែលបានចេញនោះ ជាប្រធានប្រភេទអ្វី ? ដើម្បីងាយស្រួលក្នុងសរសេរ និង កុំឱ្យចាកប្រធានបទ ។
២- ត្រូវគោរពទៅតាមក្បួនសរសេរនៃប្រធាននីមួយ
ប្រធាននីមួយៗតែងមានរបៀប ឬ ក្បួនក្នុងការសរសេរខុសៗគ្នា ដូច្នេះត្រូវដឹងពីវាឱ្យបានច្បាស់ ពិសេសគឺការចោទសួរ ដើម្បីយើងវាយតម្លៃពីប្រភេទប្រធានបទដែលត្រូវសរសេរបានត្រូវតាមក្បួន ។ ត្រូវចាំថារាល់ប្រធានបទ ចៀសមិនផុតតែងតែមាន សេចក្តីផ្តើម តួសេចក្តី និង សេចក្តីបញ្ចប់ ។ យ៉ាងមិញ បើមើលប្រធានបទ និង ការចោទសួរមិនច្បាស់នោះ អាចនឹងធ្វើឱ្យភាន់ច្រឡំក្នុងការសរសេរ អាចផ្ទុយពីប្រធានដែលបានចេញ នោះវានឹងធ្វើឱ្យអ្នកមិនទទួលបានលទ្ធផលល្អឡើយ ។
៣- ប្រើឃ្លាភ្ជាប់សេចក្តី និង លើកឧទាហរណ៍បញ្ជាក់បានត្រឹមត្រូវ
ឃ្លាភ្ជាប់សេចក្តីក្នុងសំណេរតែងសេចក្តីពិតជាសំខាន់ ព្រោះវាជាធ្លាក់សម្រាប់ធ្វើឱ្យសំណេររបស់អ្នកមានភាពណែងណង និង មានសោភណ្ឌ អានទៅមានភាពងាយស្រួល ។ ស្របគ្នានឹងឃ្លាភ្ជាប់សេចក្តីនេះដែរ ការលើកឧទាហរណ៍មកបញ្ជាក់ទាំងក្នុងរឿងអក្សរសិល្ប៍ និង តថភាពសង្គមជាក់ស្តែង ដើម្បីគាំទ្រប្រធានបទចូលក្នុងសំណេរក៏ជារឿងសំខាន់ ដែលបេក្ខជនត្រូវតែចេះចាំ ។
៤- មានចំណេះដឹងទូទៅបានច្រើន ពិសេសចេះចាំរឿងអក្សរសិល្ប៍ខ្មែរ
ចំណុចនេះសំខាន់បំផុត ដើម្បីជាទុនសម្រាប់ការវែកញែក និង សរសេរសំណេរតែងសេចក្តីបានល្អ ទាមទារឱ្យយើងមានចំណេះដឹង និង វប្បធម៌ទូទៅទូលំទូលាយ ពិសេសគឺចេះចាំដំណើររឿងអក្សរសិល្ប៍ទាំងឡាយដែលមានក្នុងកម្មវិធីសិក្សាក្រសួងបានកំណត់ ។ ដូច្នេះបើមិនទាន់ចេះចាំរឿងណាមួយអាចអានពីឥលូវទៅ មិនទាន់ហួសពេលទេ ។
៥- សំណេរតែងសេចក្តីត្រូវស្អាត និង ត្រូវតាមអក្ខរាវិរុទ្ធ
ទោះបីជាយើងសរសេរសំណេរត្រូវតាមប្រធានបទ មិនចាកប្រធាន និង ល្អយ៉ាងណាក្តី ប៉ុន្តែបើយើងធ្វេសប្រហែសក្នុងការកាសរសេរកខ្វក់ សរសេរមិនមានរបៀបរៀបរយ ខ្វៀក ឬ ខុសអក្ខរាវិរុទ្ធច្រើននោះ ក៏អាចជះឥទ្ធពលមិនល្អដល់ពិន្ទុផងដែរ ។ ដូច្នេះទាមទារឱ្យមានផ្ចិតផ្ចង់ និង សរសេរដោយមានការយកចិត្តទុកដាក់ខ្ពស់ ដើម្បឱ្យសំណេររបស់យើងមានសោភណ្ឌ ដែលគេហៅថាអត្ថរូបនោះ ដើម្បីទាក់ទាញពិន្ទុបានមួយផ្នែកទៀត ៕