សិស្សឆ្នើមនិទ្ទេស A ទាំងថ្នាក់ខ្មែរ និង បារាំង ប្រាប់គន្លឹះគ្រប់គ្រងពេលវេលាឱ្យល្អ ធ្វើបានគ្រប់សំណួរ
ការគ្រប់គ្រងពេលវេលាឱ្យបានល្អ សរសេរឱ្យបានគ្រប់សំណួរ ដើម្បីទទួលបានពិន្ទុខ្ពស់ក្នុងការប្រឡង មធ្យមសិក្សាទុយភូមិ គឺជាអ្វីដែលបេក្ខជនគ្រប់រូបមិនត្រូវធ្វេសប្រហែសដាច់ខាត ។ តើគួរធ្វើដូចម្ដេចទើបគ្រប់គ្រងពេលវេលាបានល្អ និង ឆ្លើយបានគ្រប់សំណួរ ?
បើតាមបទពិសោធន៍ពីយុវតីរូបស្រស់ កង ច័ន្ទករុណា ជាសិស្សឆ្នើមនិទ្ទេស A កាលពីឆ្នាំ ២០១៧ បានប្រាប់ថា ចំណុចសំខាន់បំផុត គឺក្នុងអំឡុងពេលនេះគួរតែមើលមេរៀនឱ្យបានច្រើនកុំឱ្យភ័យ ព្រោះកាលណាបើភ័យ គ្មានទំនុកចិត្ត គឺមិនអាចគ្រប់គ្រងអារម្មណ៍បាន ហើយពេលវេលានឹងអូសបន្លាយទៅតាមនោះដែរ ។ ពេលដល់ម៉ោងប្រឡងបេក្ខជនត្រូវមើលប្រធានវិញ្ញាសារឱ្យច្បាស់លាស់សិន ធ្វើសំណួរណាដែលចេះមុន និង ទុកសំណួរណាមិនចេះតាមក្រោយ ។
អតីតសិស្សវិទ្យាល័យព្រះមុនីវង្ស នៅក្រុងបាត់ដំបង រៀនទាំងថ្នាក់ភាសាខ្មែរ និង បារាំង ព្រមទាំង ទទួលបាននិទ្ទេសទាំងពីរភាសារូបនេះ បន្តទៀតថា ចំពោះមុខវិជ្ជាអក្សរសាស្ត្រខ្មែរវិញ គួរសរសេរគ្រោងបន្តិចៗ នៅលើក្រដាសព្រៀង ព្រោះខួរក្បាលមិនមែនចេះរដាស់រហូតទេ បើនឹកឃើញគំនិតណាមួយ Note ទុកជៀសវាងភ្លេចគំនិតនោះ ។ ចំណែកមុខវិជ្ជាផ្នែកវិទ្យាសាស្ត្រវិញ គួរធ្វើដូចគ្នា គឺសរសេររូបមន្តដែលត្រូវយកទៅអនុវត្តលំហាត់ណាមួយ ដាក់នៅលើក្រដាសព្រៀង ព្រោះលំហាត់ច្រើន រូបមន្តច្រើនអាចធ្វើឱ្យយើងភាន់ភាំងបាន ៕
អត្ថបទ ៖ ថោ ច័ន្ទឬទ្ធិ